ព័ត៌មានជាតិ

កាត់ទោសបុរសម្នាក់រឿងចេញសែកស្អុយ ជាង៣ម៉ឺនដុល្លារ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ជួន សុរាសី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការកាត់ទោសបុរសម្នាក់ពាក់ព័ន្ធករណី ចេញសែកគ្មានសាច់ប្រាក់ប្រមាណជាជាង៣ម៉ឺនដុល្លារ។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ នូ ណារ៉ុង ភេទប្រុស ត្រូវបានលោក ហ៊ឹង ប៊ុនថន តំណាងអយ្យការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន(ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) ចំនួន ៣១ ៥០០ដុល្លារ ឲ្យទៅដើមបណ្ដឹងឈ្មោះ ឆាយ សុឃាង ភេទស្រី ប្រព្រឹត្តកាលពីអំឡុងខែកុម្ភះ ឆ្នាំ២០១៥ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

នៅក្នុងសវនាការនាព្រឹកនេះ ជនជាប់ចោទឈ្មោះ នូ ណារ៉ុង បានទទួលស្គាល់ថាខ្លួនពិតជាបានចេញសែកស្អុយនោះមែន ហើយសន្យាថា នឹងរកប្រាក់សងទៅដើមបណ្ដឹងវិញពេលបានចេញពីពន្ធនាគារ។ ជនជាប់ចោទ បានបញ្ជាក់ថា ខ្លួនធ្លាប់បានសងប្រាក់ទៅដើមបណ្ដឹងតាមវីង មួយចំនួនហើយ ដូច្នេះប្រាក់ដែលខ្លួនជំពាក់មិនដល់ ៣១,៥០០ដុល្លារនោះទេ។

លោក ចេង រស្មីសេរីវង្ស មេធាវីតំណាងដើមបណ្ដឹងបានថ្លែងទាមទារសំណងប្រាក់ដើមចំនួន ៣១,៥០០ដុល្លារ និងជំងឺចិត្ត ចំនួន ២០,០០០ដុល្លារ ពីជនជនជាប់ចោទ និងសុំឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ យោងតាមពាក្យបណ្ដឹងរបស់កូនក្តីលោកចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥។

សំណុំរឿងនេះនឹងត្រូវតុលាការប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ៕

មតិយោបល់