ព័ត៌មានជាតិ

ជនសង្ស័យ២០នាក់ រួមនិងគ្រឿងញៀនជាង៦០កញ្ចប់ ត្រូវអាវុធហត្ថខេត្តកណ្តាលបង្ក្រាបបាន

កណ្តាលៈ ដោយអនុវត្តន៍តាមភារកិច្ច ស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការ ដឹកនាំដ៏មានប្រសិទ្ធភាពរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបទបញ្ជាយ៉ាងហ៊ឺងម៉ាត់របស់លោក ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។

ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ យន្តកាខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ ដាស់តឿនក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម ហើយបង្ក្រាបបានជាបន្តបន្ទាប់មិនឈប់ទាល់តែអស់បទល្មើស ពិសេសបទល្មើសគ្រឿងញៀន ។

ក្នុងនោះ អាវុធហត្ថស្រុកខ្សាច់កណ្តាល ថ្ងៃទី៩ ដល់ ថ្ងៃទី១២មករា ឆ្នាំ២០១៧ បើកប្រតិបត្តិការ៥លើក សហការជាមួយ អាវុធហត្ថខេត្តកំពង់ចាម និងរាជធានីភ្នំពេញ
ឃាត់ខ្លួនបានជនសង្ស័យ១២ នាក់ ដែលជាអតីតសង្ឃ។ ក្នុងនោះពាក់ពន្ធ័ករណីជួញដូរ៦នាក់ ស្រី២នាក់។ ពាក់ពន្ធ័ករណីប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ជាអតីតសង្ឃ ដកហូតបានគ្រឿងញៀនចំនួន៣៣កញ្ចប់។

ដោយលើកទី១ ធ្វើឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃ៩ មករា ឆ្នាំ២០១៧ នៅចំណុច ផ្លូវលំ ភូមិឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល។ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់
ដកហូតបានគ្រឿងញៀន (ម៉ាទឹកកក)ចំនួន២០កញ្ចប់តូច និងសម្ភារៈប្រើប្រាស់ វេចខ្ចប់មួយចំនួន។

លើកទី២សហការជាមួយ អាវុធហត្ថរាជធានីភ្នំពេញ វេលាម៉ោង១១ថ្ងៃត្រង់ទី១០ ខែមករា ឆ្នាំ២០១៧ មានការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ អាង សេរីវុទ្ធ និងមានការអនុញ្ញាតពីលោកព្រះអាជ្ញាអមសាលាដំបូងខេត្តកណ្តាល សហការជាមួយ អាវុធហត្ថរាជធានីភ្នំពេញ ឆែកឆេរផ្ទះជួលឈ្មោះ យ៉ែម ហួយ ភេទស្រី នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ជាស្ត្រីម្នាក់ ដកហូតគ្រឿងញៀនចំនួន២កញ្ចប់ និងសម្ភារៈជក់ វេចខ្ចប់មួយចំនួន។

លើកទី៣ នៅវេលាម៉ោង១២ថ្ងៃត្រង់ទី១០ ខែមករា ឆ្នាំ២០១៧ ដោយមានការចង្អុលបង្ហាញជាលើកទី២ ពីជនសង្ស័យឈ្មោះ អាង សេរីវុទ្ធ ជាលើកទី២កម្លាំងអាវុធហត្ថស្រុក បានសហការជាមួយប្រធានធម្មការស្រុកខ្សាច់កណ្តាល ព្រះគ្រូចៅអធិការ និងអាចារ្យវត្ត ស្វាយរមៀត វត្តកោះចូរ៉ាម និងវត្តតាឯក។ ឃាត់ខ្លួនព្រះសង្ឃប្រើប្រាស់គ្រឿងញៀនចំនួន៦អង្គ (ផ្សិករួចក្នុងមួយវត្តចំនួន២អង្គ) ដោយមានការឯកភាពពីលោកព្រះរាអាជ្ញាឲ្យធ្វើការអប់រំ ណែនាំ មានកិច្ចសន្យា និងធ្វើពលកម្ម។

លើកទី៤ នៅវេលាម៉ោង៤និង ៥០នាទី ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ឃាត់ខ្លួនសង្ស័យជាបុរសម្នាក់ ដកហូតបាន គ្រឿងញៀនចំនួន១០កញ្ចប់ (តូច៧កញ្ចប់ និងធំ៣កញ្ចប់) រួមនិងសម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។

លើកទី៥ សហការជាមួយ អាវុធហត្ថខេត្តកំពង់ចាម ដោយមានការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ សេង ម៉េងឡុង (លើកទី៤) និងទទួលបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។នៅវេលាម៉ោង១០ និង២២នាទី ថ្ងៃទី១២មករា ឆ្នាំ២០១៧ នៅចំណុចភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះមានស្រីម្នាក់ ដកហូតបានគ្រឿងញៀនចំនួន១កញ្ចប់ធំ និងសម្ភារៈជក់ វេចខ្ចប់មួយចំនួន។

ចំណែក អាវុធហត្ថស្រុកកោះធំ ស្រុកស្អាង និងក្រុងតាខ្មៅ សហការគ្នា៣លើក
ឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ពាក់ពន្ធ័ករណីជួញដូរ៣នាក់ ស្រីម្នាក់ និងករណីប្រើប្រាស់ ចំនួន៥នាក់ ដកហូតគ្រឿងញៀនចំនួន ៣០កញ្ចប់។

លើកទី១ ធ្វើឡើងនៅវេលាម៉ោង៩និង១៥នាទី ថ្ងៃទី១២ មករា ឆ្នាំ២០១៧ នៅចំណុចព្រែកចាម ស្ថិតក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។ ឃាត់ខ្លួនសង្ស័យជាបុរសម្នាក់ ដកហូតបានគ្រឿងញៀនចំនួន៤កញ្ចប់តូច និងសម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។

លើកទី២ ស្រុកកោះធំ សហការស្រុកស្អាង ក្រុងតាខ្មៅ ដោយមានការចង្អុលបង្ហាញពីជនសង្ស័យយកមកពីស្រុកកោះធំ នៅវេលាម៉ោង៣រសៀលថ្ងៃទី១២មករា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកសំរោង២ សង្កាត់/ក្រុងតាខ្មៅ ។ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានស្រីម្នាក់ ពាក់ពន្ធ័ករណីប្រើប្រាស់ចំនួន៥នាក់ ជួញដូរ ម្នាក់ជាស្ត្រី។ ដកហូតគ្រឿងញៀនចំនួន២៥កញ្ចប់ (តូច២៣កញ្ចប់ ធំ២កញ្ចប់) , សម្ភារៈប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

លើកទី៣ ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ ស្ត្រីជួញដូរ កម្លាំងអាវុធហត្ថ ក្រុងតាខ្មៅ បន្តឃាត់ខ្លួនជនសង្ស័យអ្នកជួញដូរម្នាក់ទៀត នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល នៅចំណុចភូមិព្រែកសំរោង២ សង្កាត់/ក្រុងតាខ្មៅ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀនចំនួន១កញ្ចប់ធំ។

សរុបទាំងអស់ឃាត់ខ្លួនជនសង្ស័យចំនួន២០នាក់ ស្រី៣នាក់ និងដកហូតគ្រឿងញៀន៦៣កញ្ចប់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ជំនាញមន្ទីរយុត្តិធម៌បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលបណ្តើរៗ ហើយ និងកំពុងបន្តនីតិវិធីច្បាប់៕

មតិយោបល់