បន្ទាយមានជ័យៈ តម្រួតថៃនៅខេត្តស្រះកែវ និងតម្រួតខ្លងលឹកបានសហការគ្នាចុះស្រាវជ្រាវរកស្ត្រីអាជីវករខ្មែរលក់ដូរនៅផ្សារលុងគ្លឿរ ដែលត្រូវបុរស២នាក់ ជាជនជាតិថៃចាប់ដាក់ឡានយកទៅនោះ រហូតមកដល់ពេលនេះ ត្រូវបានតម្រួតថៃរកឃើញវិញហើយ។
ប្រភពបានឲ្យដឹងថា បុរសជាប្តីក្រោយពេលដឹងថា ប្រពន្ធរបស់ខ្លួនត្រូវជនជាតិថៃយកទៅរំលោភនោះ បានត្រឹមតែអង្គុយឱបកូន ហើយស្រក់ទឹកភ្នែកយ៉ាងខ្លោចផ្សា ក្នុងចិត្តអួរណែនក្នុងឱរានិយាយមិនចេញ ចំណែកឯជនបង្ក ដែលត្រូវតម្រួតថៃឃាត់ខ្លួនបាននោះ បែរជាមានទឹកមុខស្រស់ស្រាយសប្បាយចិត្ត គ្មានខ្វល់ខ្វាយអ្វីទោះដៃជាប់ខ្នោះក៏ដោយ។
គួររំលឹកផងដែរថា ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីឈ្មោះ សាន់ វិទូ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះដែលមានអាយុ២៧ឆ្នាំ រស់នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យថា មានបុរស ២នាក់ចាប់ប្រពន្ធរបស់គាត់ដាក់ក្នុងរថយន្តបើកយកទៅបាត់ស្រមោល កាលពីវេលាម៉ោង៧:៣០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦៕
មតិយោបល់