ភ្នំពេញៈ ក្រុមក្មេងទំនើង២ក្រុម បានដេញវាយគ្នាតាមដងផ្លូវបង្កភាពអនាធិបតេយ្យ និងបង្កការរំខានដល់ប្រជាពលរដ្ឋ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនចំនួន៤នាក់យកទៅកាន់អធិការដ្ឋាននគរគរបាលខណ្ឌសែនសុខ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវ១០១៩ ភូមិក្រុងថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីទី១. ឈ្មោះ វណ្ណ ស៊ីណា អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ និងម្នាក់ទៀតមានឈ្មោះ មុំ ច័ន្ទដេត អាយុ២១ឆ្នាំ មុខរបរសាក់រូប ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះម៉ូតូMSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1SQ-2103។ ចំណែកភាគីទី២. ឈ្មោះ ហួង ណៃ អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ និងម្នាក់ទៀតមានឈ្មោះ ពៅ សំណាង អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានបន្តថា មុនកើតហេតុគេបានឃើញក្មេងទំនើង២ក្រុមមានគ្នាប្រមាណ៤នាក់ជិះម៉ូតូដេញវាយគ្នាយ៉ាងអនាធិបតេយ្យតាមដងផ្លូវ១០១៩ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខក្របួចបានសងខាងចំនួន៤នាក់យកមកកាន់អធិការខណ្ឌសែនសុខដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចភាគីទី១ខាងMSXបានប្រាប់ថា ខាងភាគីទី២បានជិះម៉ូតូឌឺដងឲ្យក្រុមរបស់ខ្លួនជាយូរមកហើយ ទើបនៅព្រឹកខាងលើក្រោយពីជួបនាំគ្នាដេញវាយទៅវិញទៅមកតែម្តង ដោយជិះម៉ូតូប្រដេញគ្នាប៉ុន្តែមិនមានអ្នករងរបួសឡើយ។
បច្ចុប្បន្នក្មេងទំនើងទាំង២ក្រុមត្រូវបានឃាតខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
គួរបញ្ជាក់ដែរថា ខណៈដែលមានការភ្ញាក់ផ្អើលចោមរោមមើលក្មេងទំនើងដេញវាយគ្នា ក៏មានករណីមួយផ្សេងទៀតបានកើតឡើងគឺ រថយន្ត២គ្រឿងបានប៉ះគ្នាបង្កឲ្យមានការខូចខាត។ រថយន្តទី១. ជារថយន្តក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A-293 ដែលកំពុងតែបើកមកពីជើងទៅត្បូងស្រាប់មកបុកចំពាក់កណ្តាលរថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AJ-1936 ដែលបើកស្របគ្នា បណ្តាលឲ្យរថយន្តធុនតូចខូចទ្វារចំហៀងខាងឆ្វេងទាំងមុខក្រោយ ប៉ុន្តែមិនមានអ្នករងរបួសឡើយ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពីភាគីសងខាងធ្វើការចរចារគ្នាមួយសន្ទុះធំ ឃើញឯកភាពគ្នាដោយរថយន្តក្រឡុកស៊ីម៉ង់ត៍បានជួយចេញថ្លៃជួសជុលចំនួន៥០ភាគរយម្នាក់បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕
មតិយោបល់