ភ្នំពេញៈ បុរសម្នាក់បើករថយន្តហ្វរ៉េន័រ មួយគ្រឿង ជ្រុលទៅបុកជាមួយរថយន្តព្រូស ត្រង់ចំណុចស្តុបបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំរៀងខ្លួន ។ បន្ទាប់មកតំណាងភាគីទាំងសងខាង បានមកដល់ជជែកគ្នាបែកផ្សែង យកត្រូវរៀងខ្លួន ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្តុ បណតប៊្រីត តាមបណ្ដោយផ្លូវ២០០៤ កែងនឹងផ្លូវណតប៊្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់ បើករថយន្ត ហ្វរ៉េន័រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-9956 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបបែកជាបួន ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយនឹងរថយន្ត តូយូតា ព្រូស មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AX-4082 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរនឹងបុរសបុរសជនជាតិចិនម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីត ទិសដៅពីជើងទៅត្បូង ពីចំហៀង រថយន្តព្រូសខាងស្ដាំផ្នែកខាងក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំរៀងខ្លួន ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ បានចុះមកដល់ឲ្យភាគីទាំងពីរ ធ្វើការសម្រុះសម្រួលគ្នា បន្ទាប់មកក៏មានតំណាងភាគីទាំងសងខាង ចុះមកដល់កន្លែងកើតហេតុ បានប្រកែកគ្នាយកត្រូវរៀងរៀងខ្លួន រយៈពេលរាប់ម៉ោង ក្រោយមកខាងភាគីរថយន្ត ហ្វរ៉េន័រ បានព្រមយករថយន្តព្រូស ទៅជួសជុលឲ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿង ៕
មតិយោបល់