ព័ត៌មានជាតិ

Update៖ ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល ត្រូវរថយន្តដឹកខ្សាច់កិនស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿង បើកបញ្ច្រាសទិសគ្នា ហើយទាក់ដៃចង្កូតគ្នា បណ្ដាលដួល គាប់ជួនមានរថយន្តដឹកខ្សាច់ បើកមកពីក្រោយ ក៏កិនបុរសម្នាក់ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម និង២នាក់ទៀតបានរបួសធ្ងន់ និងស្រាល ក្នុងនោះមានស្រីម្នាក់ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ មួយគ្រឿង ម៉ាកនិច ពណ៌ផ្កាឈូកលាយស ភ្នំពេញ 1GD-1259 ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូ មួយគ្រឿង ម៉ាកស្មាសជិះគ្នា២នាក់ មិនចាំពណ៌ និងស្លាកលេខ បានធ្វើដំណើរពីត្បូងទៅជើង ហើយបានវ៉ារថយន្ត មួយគ្រឿង ក៏ជ្រុលទៅទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យដួល ហើយក៏ត្រូវរថយន្តដឹកខ្សាច់ មួយគ្រឿង ម៉ាក នីសាន់ ពណ៌សលាយខៀវ ពាក់ស្លាកលេខ PP-0243 ដែលកំពុងបើកបរស្របទិសគ្នានោះ ក៏កិនពីលើបណ្តោយឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ស្រាល ២នាក់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកកាន់មន្ទីរពេទ្យកាល់ម៉ែត។ក្រោយពីកើតហេតុ រថយន្តបង្កបានបើករត់គេចបានបន្តិច ក៏ចុះពីលើរថយន្តរត់គេចខ្លួនដោយសុវត្ថិភាពតែម្តង។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តតាំងក្រសាំង ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/1eTPMJijcd4

មតិយោបល់