ព័ត៌មានជាតិ

លួចកៅអីការជិះម៉ូតូដឹកយកទៅលក់ សមត្ថកិច្ចក្របួចជាប់

កណ្ដាលៈ ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចកម្លាំងជំនាញផែនយុត្តិធម៌ក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនកាលពីម៉ោង១និង៤០នាទីយប់​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចដីឡូភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី.ឈ្មោះ អ៊ឺម ឆៃ ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតភូមិចុងថ្នល់ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅម្តុំត្រឡោកបែក ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី២.ឈ្មោះ តាន់ ឡុងដា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ ភូមិក្រាំងអង្រ្កងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី៣.ឈ្មោះ ទូច គឹមប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី៤.ឈ្មោះ លន់ សុធារី ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិក្រាំងអង្រ្កងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ កម្លាំងជំនាញផែនយុត្តិធម៌ បានចេញល្បាតដល់ចំណុចមុខសាលាខេត្តកណ្តាល បានឃើញជនសង្ស័យ៤នាក់កំពុងតែជិះម៉ូតូ២គ្រឿង ម៉ាកសង់កូរ៉េពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 1A-9636 និងម៉ាក WAVe ពណ៌ស្លែ ពាក់ស្លាកលេខកំពង់ចាម 1B-2069 ដឹកកៅអីពូកធ្វើអំពីដែកអ៊ីណុកចំនួន​១២ ដោយមានការសង្ស័យ ក៏ឃាត់យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួក​ខ្លួនបានធ្វើសកម្មភាពលួចកៅអីពិតប្រាកដមែន ដោយសារជនជនសង្ស័យឈ្មោះ អ៊ឺម ឆៃ ធ្លាប់យាមនៅដីឡូត៍កើតហេតុខាងលើពីមុនមក ហើយមានកូនសោនៅជាប់ខ្លួនរហូតពេលឈប់យាមនៅទីនោះមិនបានប្រគល់កូនសោបន្ទប់សម្រាប់​ដាក់សម្ភារៈឲ្យម្ចាស់ដីវិញទេ ទើបកើតគំនិតបបួលគ្នាចូលលួចតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវសមត្ថកិច្ចសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់