ព័ត៌មានជាតិ

ច្រើនម៉្លេះ! សមត្ថកិច្ចរកឃើញថ្នាំគ្រវី៩០១គ្រាប់ ដែលគេប្លុងចោល

កំពត: នៅវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៧ កម្លាំងជំនាញខេត្ត បានសហការជាមួយកម្លាំងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្រោយពីទទួលបានព័ត៌មានពីម្ចាស់ហាងបុស្បាមីនីម៉ាត ឋិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច រាយការណ៍ថា មានគេប្លុងចោលសាក់កាដូពណ៌ខៀវ១ នៅក្នុងហាងរបស់គាត់។

បន្ទាប់មកកម្លាំងជំនាញខេត្ត រួមជាមួយសមត្ថកិច្ចប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានចុះធ្វើការត្រួតពិនិត្យ និងឆែកឆេរក្នុងសាក់កាដូ ឃើញមានថ្នាំគ្រាប់ ពណ៌ពងក្រសារ ចំនួន១កញ្ចប់ធំ ដាក់ម៉ាក Reynolds មានចំនួន ៩០១ គ្រាប់ មានទម្ងន់ស្មើនឹង ២៩៩,៤២ ក្រាម ។

បន្ទាប់ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើតេស្តបានបញ្ជាក់ថា ជាប្រភេទថ្នាំគ្រវី ( អិចស្ត្រាហ្សី ) ។ បច្ចុប្បន្នថ្នាំទាំងនេះ រក្សាទុកនៅការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តកំពត ហើយជំនាញកំពង់ស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់