ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន ប្រចាំច្រកទ្វារអន្តរជាតិព្រំ ដោយមានការចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះ បានចុះពិនិត្យទំនិញ ដែលនាំចូលពីបរទេស ក្នុងគោលបំណងទប់ស្កាត់ ការនាំចូលផលិតផលទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងមានផ្ទុកសារធាតុគីមីហាមឃាត់ ។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូ សាច់គោ និងសាច់ត្រីក្លាស់សេ ដែលដឹកតាមរទេះ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញផលិតផលម្ហូបអាហារខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៥កេសធំ ក្នុងនោះរួមមាន៖
១/ សាច់គោក្លាស់សេចំនួន ៩០ គីឡូក្រាម
២/ សាច់ត្រីក្លាស់សេចំនួន ៦០ គីឡូក្រាម
សរុបទាំងអស់មានចំនួន ១៥០ គីឡូក្រាម
បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលទំនិញខូចគុណភាព និងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ដោយឡែកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានមន្ត្រីជំនាញធ្វើការដុតកំទេចចោល៕
មតិយោបល់