ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលជាសន្តិសុខ នៅក្រុមហ៊ុន CISS ម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យតាមចាប់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ ដោយធ្វើទារុណកម្មចាប់ចងដៃ ចងជើង ហើយប្រើឡាមវះកាត់ខោក្នុង បំណងរំលោភតែមិនបានសម្រេច ក្រោយពីក្មេងស្រីរងគ្រោះស្រែកឲ្យគេជួយទាន់។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែទើបនឹងចាប់ខ្លួនបាននៅពេលនេះ។
លោកអធិការបានបន្តថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ នី សត្យា អាយុ២៣ឆ្នាំមុខរបរជា សន្តិសុខក្រុមហ៊ុន CISS ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ណ អាយុ១៧ឆ្នាំ រស់នៅភូមិកាប់ជ្រូក សង្កាត់សំរោងក្រោម ជាកន្លែងកើតហេតុ។
បើតាមលោកអធិការ បានឲ្យដឹងថា កាលពីថ្ងៃ១៦ឈាន ចូលថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចសម្ភារៈ នៅក្នុងផ្ទះជនរងគ្រោះ ប៉ុន្តែពេលចូលធ្វើសកម្មភាពនោះ ស្រាប់តែឃើញក្មេងស្រីរងគ្រោះដែលជាកូនម្ចាស់ផ្ទះស្អាត ក៏ធ្វើសកម្មភាព ចាប់ចងដៃ ចងជើង ហើយយកឡាមវះខោក្នុង ប៉ងចាប់រំលោភ។ ភ្លាមៗនោះក្មេងស្រីរងគ្រោះ បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្តាយ របស់ជនរងគ្រោះ ទើបជនសង្ស័យរត់គេចខ្លួនតែម្តង។ ក្រោយមានករណីនេះកើតឡើង ភាគីជនរងគ្រោះបានទូរសព្ទទៅលោកអធិការផ្ទាល់ ភ្លាមៗលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវរហូតចាប់ខ្លួនបានតែម្តង។
យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុន សន្តិសុខខាងលើ បានចេញមកបញ្ជាក់ថា ជនសង្ស័យខាងលើមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុននោះទេ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ កំពុងស្ថិតក្រោមការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់