ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចគាស់ឃ្លាំងយកសម្ភារៈ

ភ្នំពេញ: កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិសែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ភ្លាមៗ ពាក់ព័ន្ធករណីលួចគាស់ឃ្លាំងយកសម្ភារ:មួយកន្លែង កាលពីវេលាម៉ោង១និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផែស្ងួតអុយញុង ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ដែលចូលលួចគាស់ឃ្លាំងយកសម្ភារ: ទី១. ឈ្មោះ ហំ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្តកំពង់ចាម។ និងទី២. ឈ្មោះ មាន់ ប៊ុនណាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្តកំពង់ចាមដូចគ្នា។

សមត្ថកិច្ចបានបន្តថា ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចអាវុធហត្ថខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញ បានចាប់យកវត្ថុតាងពីជនសង្ស័យទាំងពីរនាក់រួមមាន ស្បែកជើងប៉ាត់តាចំនួន៣ការ៉ុងស្មើនឹង៤៤គូ និងអាវថ្មីចំនួន៨២អាវ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

មតិយោបល់