ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋក្រាំងធ្នង់សហការជាមួយប្រជាការពារសង្កាត់ស្ទាក់ឃាត់ខ្លួន ខណៈរូបគេធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីស្រ្តីម្នាក់មិនបានសម្រេច។ ករណីនេះ បង្កការភ្ញាក់ផ្អើរកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ ធ្នូ២០១៦ នៅចំណុចមុខសាលាហូមផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ យូ ណាន អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ ស៊ិន ពៅ អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិឈើនាងខ្ពស់ ឃុំពព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។
ស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FA-4938 មកពីផ្សារត្រឡប់ទៅផ្ទះ ខណៈមកដល់ចំណុចខាងលើ ស្រាប់តែលេចជនសង្ស័យមកស្ទាក់ផ្លូវ ក្នុងដៃកាន់ដំបងឈើជ្រុងប្រវែងជាងកន្លះម៉ែត្រមកវាយគាត់ត្រូវស្មាខាងឆ្វេង គោលបំណងប្លន់យកម៉ូតូ តែពេលវាយគាត់ត្រូវហើយ តែមិនដួលម៉ូតូ គាត់ព្យាយាមជិះរត់ចូលភូមិដែលនៅក្បែកន្លែងកើតហេតុ ដើម្បីប្តឹងប្រធានភូមិ និងប្រជាពលរដ្ឋជួយអន្តរាគមន៍។
គាត់ទៀតថា ក្រោយពីប្តឹងរួច មេភូមិបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងប្រជាការពារសង្កាត់ បានចេញស្ទាក់រកមុខសញ្ញាខាងលើរហូតដល់ភូមិច្រេសក្នុងសង្កាត់ភ្នំពេញថ្មី ទើបឃើញមុខសញ្ញា ក៏ដេញចាប់បានតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពស្ទាក់ប្លន់ម៉ូតូពីស្រ្តីខាងលើពិតប្រាកដមែន មូលហេតុដែលខ្លួនធ្វើបែបនេះ គឺដោយសារតែចាញ់ល្បែងអស់លុយ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្ត៕
មតិយោបល់