ព័ត៌មានជាតិ

លួចម៉ូតូកង់បីនៅភ្នំពេញ ជិះមកលាក់ខ្លួន ផ្ទះនារីគូកំណាន់ចិត្ត ក្នុងខេត្តតាកែវ ជិត១ខែ ត្រូវនគរបាលឃាត់ខ្លួន

តាកែវ: នៅថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទី ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមតិដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលពន្លៃ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ុច សុភារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ពាក់ព័ន្ធអំពើលួចម៉ូតូកង់បី (ផាស់អាប់) ពណ៌ស ម៉ាក LPG ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-0694 លេខតួ: 15378 លេខម៉ាស៊ីន: 47134 ស៊េរីឆ្នាំ២០១៨ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានពីមូលដ្ឋាន មានជនមិនស្គាល់អត្តសញ្ញាណបានជិះផាស់អាប់ មកផ្ទះឈ្មោះ ហេង ណារី ភេទស្រី អាយុ២៦ឆ្នាំ ស្ថិតក្នុងភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី កម្លាំងជំនាញបានចុះធ្វើសាកសួរ តែជនសង្ស័យបានរត់គេចខ្លួនបាត់ (ដោយបន្សល់ទុកផាស់អាប់) រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ទើបឃាត់ខ្លួនជនសង្ស័យខាងលើ ខណ:បានលួចចូលមកមូលដ្ឋានឃុំពន្លៃម្តងទៀត ។

តាមចម្លើយសារភាព របស់ជនសង្ស័យខាងលើ បានឱ្យដឹងថា បានលួចម៉ូតូកង់បី (ផាស់អាប់) នៅចំណុចសំណង់១២ ស្ថិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានគេចមកស្នាក់នៅផ្ទះនារីខាងលើ ដែលត្រូវជាគូកំណាន់ចិត្ត ទើបត្រូវនគរបាលឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់