ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ធ្វើការចាប់ខ្លួនពីបទ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១០៧ ខាងមុខវិទ្យាល័យហ៊ុន សែន សេរីភាព ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ ដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ រ៉ា ដាលុច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាកម្មករធ្វើទាខ្វៃ មានស្រុកកំណើត ភូមិតាខ្មៅ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅភូមិតាខ្មៅ២ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថង់សម្រាប់វេចខ្ចប់ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន (ម៉ាទឹកកកice) ចំនួន៩កញ្ចប់តូច (មានកម្ទេចថ្នាំញៀនបន្តិចបន្តួច)។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញឿន និងកម្លាំងរបស់ប៉ុស្តិ៍តាខ្មៅ និងប៉ុស្តិ៍ដើមមៀន បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្ត បានប្រទះឃើញជនសង្ស័យកំពុងដើរតាមផ្លូវ សមត្ថកិច្ច
មានការសង្ស័យបានធ្វើការត្រួតពិនិត្យរកឃើញ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន ដែលជនសង្ស័យបានលាក់នៅក្នុងជើងខោខ្លី ត្រឹមជង្គង់ចំនួន៩កញ្ចប់តូច ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថង់ថ្នាំខាងលើពិតជារបស់ខ្លួនមែន ដោយបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះត្រង់ចំណុចមុខសាលាបឹងត្របែក ក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃ៣៥ ម៉ឺនរៀល តែខ្លួនបានប្រើប្រាស់អស់ខ្លះហើយ ធ្លាប់បានចេះប្រើនូវសារធាតុញៀនមានរយ:ពេល៥ ទៅ៦ ខែកន្លងមកហើយ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់