ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាកកាមរី ហ៊ាយប្រីត បើកបរដោយមន្រ្តីនគរបាលមួយរូប បើកលឿនដូចហោះ ដល់ចំណុចផ្លូវបែកជាបួន វ៉ាក់អឺ ជាមួយរថយន្តតូយូតា ស្តារិច ជាន់ហ្រ្វាំងមិនទាន់ បុកចំពាក់កណ្ដាលរថយន្ត បណ្ដាលឲ្យអ្នកបើករថយន្តស្តារិច រងបួសចុកច្អល់ និយាយអី្វក៏មិនចេញ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង១០នាទី យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបម៉ាក កាមរីហាយប្រីត ពណ៌ប្រផេះ ពាក់ស្លាក់លេខ នរគបាល 2-1572 បើកបរដោយមន្រ្តីនគរបាលមួយរូប ក្នុងល្បឿនយ៉ាងលឿនដូចហោះ ទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវម៉ៅសេទុង ខណៈមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបែកជាបួន រថយន្តបង្ក បានវ៉ាក់អឺជាមួយរថយន្តតូយូតា ស្តារិចរួចក៏ប្រញាប់ជាន់ហ្រ្វាំងភ្លាមៗ តែមិនទាន់ ក៏បុកចំពាក់កណ្ដាលរថយន្តស្តារិច ដែលកំពុងឆ្លងផ្លូវពីលិចទៅកើតពេញទំហឹង បណ្ដាលឲ្យអ្នកបើករថយន្តស្តារិច រងបួសចុកច្អល់និយាយអី្វក៏មិនចេញ ចំណែករថយន្តរងការខូចខាតខាងឆ្វេងទាំងស្រុង រីឯរថយន្តបង្ក រងការខូចខាតផ្នែកខាងមុខ អ្នកបើកបរមិនបានរងរបួសនោះទេ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តស្តារិច បានទារសំណង៣០០០ដុល្លារ ប៉ុន្តែភាគីខាងរថយន្តបង្កមិនបានយល់ព្រមនោះទេ ក៏សម្រេចចិត្តឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលខ្លួនសម្របសម្រួលគ្នាតាមក្រោយតាមផ្លូវច្បាប់៕
មតិយោបល់