ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីយុវជន៣នាក់ បានបើកម៉ូតូទៅប៉ះដៃចង្កូតជាមួយនឹងម៉ូតូក្រុមទំនើង ជាហេតុបង្កទៅជារឿងដេញតាមគប់ និងវាយតាមដងផ្លូវយ៉ាងអណាធិតេយ្យ ភ័យក៏រត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីយុវជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នា ជិះម៉ូតូ៣គ្រឿង ចេញពីខួបកំណើតមិត្តភក្តិត្រលប់ទៅផ្ទះ ខណៈមកដល់ពាក់កណ្ដាលផ្លូវ ម៉ូតូរបស់ក្រុមជនរងគ្រោះក៏បានទាក់ដៃម៉ូតូគ្នាជាមួយនឹងក្រុមក្មេងស្ទាវដែលកំពុងធ្វើដំណើរតាមដងផ្លូវស្របទិសគ្នា រួចជនរងគ្រោះក៏បានឱនក្បាលសុំទោស ហើយក៏ធ្វើដំណើរបន្តទៀត លុះជិះបានប្រហែលប៉ុន្មានម៉ែត្រ ក៏ស្រាប់តែឭគេស្រែកថា កាប់វាទៅ ដេញកាប់វាទៅ ពេលនោះជនរងគ្រោះមិនបានដឹងថាគេដេញកាប់ខ្លួនឡើយនៅតែបន្តធ្វើដំណើរ រហូតមកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវស្ទះ គ្នារបស់ជនរងគ្រោះបានចុះទៅសម្រួលចរាចរណ៍ដើម្បីកុំឲ្យមានការកកស្ទះ ភ្លាមនោះស្រាប់តែឃើញក្រុមក្មេងស្ទាវជិះគ្នា៤ទៅ៥ម៉ូតូ ប្រដាប់ដោយ ដុំថ្មដេញគប់ជនរងគ្រោះ ជិះរត់គេចភ័យស្មានតែត្រូវគេកាប់ប្លន់ រួចក៏រត់ចូលប៉ុស្តិ៍បឹងកេងកង១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការសាកសួរ ទើបដឹងថាយុវជនរងគ្រោះទាំង៣នាក់ ត្រូវក្រុមក្មេងស្ទាវដេញកាប់នោះដោយសារតែរឿងប៉ះដៃម៉ូតូគ្នាបន្តិចបន្តួចប៉ុណ្ណោះ បន្ទាប់មកសមត្ថកិច្ចក៏បានឲ្យជនរងគ្រោះទាំងត្រឡប់ទៅផ្ទះវិញ ទុកតួនាទីនេះឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់