ព័ត៌មានជាតិ

រថយន្តបែន បុកម៉ូតូ Zoomer-X បណ្តាលឲ្យបុរសម្នាក់ បោកក្បាលស្លាប់ភ្លាមៗ

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តបែន មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកម៉ូតូម៉ាក Zoomer-X ដែលកំពុងបើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នាបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទី ល្ងាចថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ គីឡូម៉ែត្រលេខ១ ស្ថិតក្នុងមុខភូមិ ព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ តា រស់ ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើកបររថយន្តបង្ក បានបើករថយន្តគេចខ្លួនបាត់ស្រមោល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿងម៉ាក Zoomer-X ពណ៌ស គ្មានស្លាកលេខ គ្មានកញ្ចក់
និងមួក បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿង ជាប្រភេទបែន មិនស្គាល់ម៉ាក បើកបរក្នុងទិស ដៅស្របគ្នា បានបើកមកប៉ះជនរងគ្រោះដែលកំពុងជិះម៉ូតូ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្តបង្ក បើកគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង ដោយបាននាំយកម៉ូតូជនរងគ្រោះ មករក្សាទុកនៅអធិការដ្ឋាន និងស្រាវជ្រាវរករថយន្តបង្ក ដើម្បីយកមកដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់