ព័ត៌មានជាតិ

ជិះម៉ូតូសុខៗ គេបុកពីក្រោយ របួសធ្ងន់

ស្វាយរៀង: បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:ពេលដែលកំពុងជិះម៉ូតូនៅលើផ្លូវជាតិលេខ១ ហើយត្រូវបានក្មេងស្ទាវបុកពីក្រោយរួចជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងមានដឹកនំបញ្ចុកពីក្រោយធ្វើដំណើរពីកើតមកលិច ហើយប្រពន្ធជិះម៉ូតូ១គ្រឿងទៀតនៅពីមុខ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្រុមស្ទាវមួយក្រុមជិះម៉ូតូពីរទៅបីគ្រឿងប្រដេញគ្នាពីក្រោយ ក្នុងពេលនោះក៏បើកវ៉ាប៉ុន្តែ វ៉ាមិនផុតក៏បណ្តាលឲ្យបុកពីក្រោយពេញទំហឹងតែម្តង ធ្វើឲ្យបុរសដឹកនំបញ្ចុករងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីធ្វើការសង្គ្រោះ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ពិត សា អាយុ២១ឆ្នាំ និងប្រពន្ធឈ្មោះ សឹប នូ មានទីលំនៅភូមិ ព្រៃកន្តួច ឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជិះម៉ូតូ ១២៥ ស៊េរី២០១៧ ពាក់ស្លាកលេខ ស្វាយរៀង1G-3425 ចំណែកអ្នកបើកបង្កហេតុ ក្រោយពីបង្កហេតុបន្តជិះរត់គេចខ្លួនបាត់ស្រមោលតែម្តងទៅដោយមិនស្គាល់ម៉ូតូនោះទេ៕

//youtu.be/N2A71SaPVMQ

មតិយោបល់