បន្ទាយមានជ័យៈ ប្រជាកសិករចំនួន៤ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងជួបទុក្ខ ខណៈដែលពួកគាត់បានចំណាយលុយមិនតិចទេ សម្រាប់ធ្វើស្រូវ ប៉ុន្តែមិនទាន់បានប្រមូលផលផង ស្រាប់តែត្រូវភ្លើងឆេះបំផ្លាញខ្ទេចគ្មានសល់។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះថា គ្រោះអគ្គិភ័យឆេះស្រូវរបស់ប្រជាកសិករខាងលើនេះ បានបំផ្លាញអស់ស្រូវទុំមានចំនួន១៧ហិកតា ប៉ុន្តែហេតុការណ៍នេះ ត្រូវបានកម្លាំងនគរបាលរបស់លោកបានសហការជាមួយកម្លាំងអាវុធហត្ថកម្លាំងយោធា និងប្រជាពលរដ្ឋ នឹងបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យផ្ទាល់ ទៅជួយអន្តរាគមន៍ រហូតរលត់ទៅវិញ នៅល្ងាចម្សិលមិញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ភ្លើងឆេះស្រូវប្រជាពលរដ្ឋ ទាំង៤ភូមិនេះរួមមាន៖ ១-ភូមិតាផោក ចំនួន១០ហិកតា ២-ភូមិប៉ោយវត្តចំនួន៣ហិកតា ៣-ភូមិតាជ្រឹងចំនួន២ហិកតា និង៤-ភូមិបឹងសិលា ចំនួន២ហិកតា សរុបនៃការខូចខាតចំនួន១៧ហិកតា។
ជាមួយគ្នានេះ លោកស្នងការ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងនាំឲ្យគ្រោះអគ្គិភ័យដូចករណីខាងលើនេះ នាំឲ្យខាតបង់យ៉ាងច្រើន៕
មតិយោបល់