ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងថ្នាំញៀន១៨កញ្ចប់

កណ្តាល: កម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះបង្ក្រាបទីតាំងគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ ក្នុងនោះមានស្រីម្នាក់ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនសង្ស័យ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន៦នាក់ ទី១. ឈ្មោះ ម៉ាន គ្រីយ៉ើ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ហើយគឺជាមុខសញ្ញាសកម្មជួញដូរក្នុងមូលដ្ឋានផង មានទីលំនៅភូមិកើតហេតុខាងលើ ទី២. ឈ្មោះ សេង រ៉ូហា្វត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុនរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុ ទី៣. ឈ្មោះ ម៉ាន ផល្លា អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុ ទី៤. ឈ្មោះ ម៉ាន ហាំសះ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកឡាន រស់នៅភូមិកើតហេតុ ទី៥. ឈ្មោះ លី ហ្វីម៉ាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកើតហេតុ និងទី៦. ឈ្មោះ ស៊ុន សុភា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ខេត្តកណ្តាល។ ចំណែកឯវត្ថុតាង ដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកកIce ចំនួន១៨កញ្ចប់ (ធំ១កញ្ចប់ កណ្តាល៤កញ្ចប់ មធ្យម២កញ្ចប់ និងតូច១១កញ្ចប់)។ ជញ្ជីងសម្រាប់ថ្លឹង២គ្រឿង ដាវ១ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីទទួលព័ត៌មានភ្លាមៗថា ជនសង្ស័យជាមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ កម្លាំងជំនាញទាំងអស់ចុះធ្វើការឡោមព័ទ្ធ ឃាត់ខ្លួន និងឆែកឆេរផ្ទះជនសង្ស័យ រួចទាំងដកហូតវត្ថុតាងដូចខាងលើបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់