ព័ត៌មានជាតិ

អាងខ្នង! តៃកុងរថយន្តអភិបាលរងខេត្តម្នាក់ ស្រវឹងដកកាំភ្លើងភ្ជង់អ្នកផឹកស៊ីជាមួយគ្នារត់បះសក់

កណ្តាល: មន្ត្រីនគរបាលម្នាក់ ដែលគេស្គាល់ថា ជាអ្នកបើកបររថយន្តឱ្យអភិបាលរងខេត្តកណ្តាលម្នាក់ រងការចោទប្រកាន់ថា ប្រើប្រាស់កាំភ្លើងខ្លី ភ្ជង់អ្នកផឹកស៊ីជាមួយគ្នា បន្ទាប់ពីទាស់ពាក្យសម្តីគ្នា ប៉ុន្តែជនបង្ក​ឃាត់ខ្លួនបានតែបន្តិចត្រូវបានដោះលែងវិញ។

បុរសដែលប្រើកាំភ្លើងភ្ជង់អ្នកផឹកស៊ីរួមវង់គ្នានេះមាន​ឈ្មោះ អ៊ឹង សែ អាយុ៤៦ឆ្នាំ ជាមន្ត្រីនគរបាល និងជាអ្នកបើករថយន្តឱ្យលោក​ នៃ ចារី អភិបាលរងខេត្តកណ្តាលផង ចំណែកជនរងគ្រោះដោយសារការភ្ជង់កាំភ្លើងឈ្មោះ ហុក សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិព្រែកត្រែង ឃុំលន់ ស្រុកស្អាង ខេត្តកណ្តាល ជាកន្លែងកើតហេតុ។

តាមប្រភពព័ត៌ពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ធ្នូ ២០១៦ កន្លងទៅនេះ ជនបង្កនិងជនរគ្រោះបានផឹកស៊ីជាមួយគ្នា ក្រោយពីជនបង្កផឹកស្រាបៀរ ABC អស់ចំនួន៦កំប៉ុង ក៏កើតចេញជាទំនាស់ពាក្យសម្តីគ្នា ហើយក៏កើតចេញជាការប្រតាយប្រតប់គ្នា រួចក៏ត្រូវជនបង្កក៏បានដកកាំភ្លើងខ្លីម៉ាកឡូរ៉ូ ភ្ជង់ទៅលើជនរងគ្រោះ ហើយក៏ត្រូវអ្នករួមវង់ចាប់បំបែកគ្នាចេញ។

ក្រោយពីបង្កហេតុ កម្លាំងអាវុធហត្ថស្រុកស្អាង ក៏បានចុះទៅឃាត់ខ្លួនជនបង្កមកកាន់ទីបញ្ជាការ ដើម្បីធ្វើការសាកសួរ និងដកហូតកាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម គ្រាប់ចំនួន៥គ្រាប់ប៉ុន្តែមិនបានប៉ុន្មានម៉ោងផង ជនបង្កក៏ត្រូវបានដោះលែងទៅវិញ បន្ទាប់ពីមានអន្តរាគមន៍ពីថ្នាក់លើ។

ពាក់ព័ន្ធនឹងករណីនេះ លោក​ នៃ ចារី មិនអាចទំនាក់ទំនងសុំការពន្យល់ បានឡើង ខណ:ទូរសព្ទហៅចូលមិនមានអ្នកទទួល។

លោកវរសេនីយន៍ត្រី អ៊ូ ផល្លី មេបញ្ជាការអាវុធហត្ថស្រុកស្អាង បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានលោកបានបញ្ជាឱ្យកម្លាំងចូលទៅនាំខ្លួនជនយកមកទីបញ្ជារការ ប៉ុន្តែ ដោយសារជនរងគ្រោះមិនប្តឹងផ្តល់ ហើយជាបងប្អូនជីដូនមួយនឹងគ្នា និងសុំអង្វរសមត្ថកិច្ច ហើយមិនមានអំពើហិង្សាផងនោះ ទើបយើងគ្រាន់តែឱ្យធ្វើកិច្ចសន្យា និងឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

ឆ្លើយតបទៅនឹងការលើកឡើងនេះ ឧត្តមសេនីយន៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងតាមពប្រព័ន្ធ WhatsApp ថា រឿងនេះកំពុងអនុវត្តតាមនីតិវិធី ជនសង្ស័យមិនរត់ទេ ជំនាញកំពុងកសាងនីតិវិធី។ លោកក៏បានបញ្ជាក់ដែរថា ជនរងគ្រោះនិងជនសង្ស័យជាបងប្អូននឹងគ្នាមិនអ្នកប្តឹងទេ ដោយសារស្រវឹង យើងបានកសាងនីតិវិធី តែខាងជនរងគ្រោះមកអង្វរសុំឱ្យចប់ត្រឹមហ្នឹង ហើយដកពាក្យបណ្តឹង អ្នកទាំង២យោគយល់គ្នា ហើយសុំអង្វរសមត្ថកិច្ច ព្រោះមិនមានហិង្សា៕

មតិយោបល់