ព័ត៌មានជាតិ

Update៖ ក្រុមចោរប្រដាប់ដោយAK ៦ដើម ចាប់បុរសម្នាក់ចងបិទស្កុតមាត់រួចបាញ់ធ្លាយពោះ ប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្រុមចោរមានគ្នាចំនួន៧នាក់ ប្រដាប់ដោយកាំភ្លើងម៉ាក AKចំនួន៦ដើម ចូលក្នុងផ្ទះប្រជាពលរដ្ឋធ្វើសកម្មភាពចាប់បុរសម្នាក់ដែលជាជនរងគ្រោះចង រួចបិទស្កុតមាត់មិនឲ្យស្រែក ហើយក៏បាញ់ប្រហារបណ្តាលឲ្យធ្លាយពោះ និងត្រូវដៃខាងស្តាំ រងរបួសយ៉ាងធ្ងន់ធ្ងរ រួចក្រុមចោរប្រមូលយកទ្រព្យសម្បត្តិជនរងគ្រោះគេចខ្លួន។

ករណីបាញ់ប្លន់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ កែម កន ភេទប្រុស អាយុ៤៤ឆ្នាំ ជាប្តី ដោយមានប្រពន្ធឈ្មោះ ភី ធឿន អាយុ៣៨ឆ្នាំ និងមានកូនស្រីម្នាក់និងប្រុស២នាក់ក្នុងបន្ទុកគ្រួសារ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពព័ត៌មានពីគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលពួកគាត់ កំពុងមើលទូរទស្សន៍នៅក្នុងផ្ទះ ស្រាប់តែក្រុមជនសង្ស័យមានគ្នាចំនួន៧នាក់ បាននាំគ្នាចូលទៅធ្វើសកម្មភាពចាប់ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ និងកូនប្រុសម្នាក់ ស្រីម្នាក់ ចងស្លាបសេក និងយកស្កុតបិទមាត់មិនឲ្យស្រែករួចឡើយ បន្ទាប់មកក្រុមចោរបានគំរាមបាញ់សម្លាប់ និងបានយកកណ្ដៀវ ភ្ជង់(ក)កូនស្រីជនរងគ្រោះម្នាក់ឲ្យដើរប្រមូល ទ្រព្យសម្បត្តិក្នុងផ្ទះរួមមាន កងដៃប្លាទីនចំនួន៥ជីកន្លះ ,ក្រវិល ប្លាទីន១ជីកន្លះ, កងដៃប្លាទីនកូនក្មេងតម្លៃជាង១០០ដុល្លារ, ប្រាក់ដុល្លា រចំនួន ៥០០ដុល្លារ, កាតគ្រីរថយន្ត រួមនិងអត្តសញ្ញាណផងដែរ មកឲ្យពួកគេ។ មិនតែប៉ុណ្ណោះក្រុមចោរបានគំរាមបាញ់សម្លាប់ជនរងគ្រោះចោលមួយពូជទៀតផង ដោយសារតែខឹងឲ្យជនរងគ្រោះ យកលុយឲ្យទៀតមិនបាន ប៉ុន្តែជនរងគ្រោះប្រាប់ថាគ្មានលុយទេ ព្រោះទើបទិញរថយន្តហាយឡែនឌ័រ មួយគ្រឿងអស់លុយហើយ។

ប្រភពដដែលបានបន្តថា ក្រោយមកក្រុមចោរទាំងនេះ បាននាំគ្នាចាកចេញ ប៉ុន្តែមុនពេលចេញទៅ ពួកគេបានបាញ់បងប្រុសជីដូនមួយរបស់ជនរងគ្រោះ ដែលកាន់កាំភ្លើងខ្យល់១ដើម ចូលទៅជួយជនរងគ្រោះ បណ្ដាលឲ្យធ្លាយពោះនិងត្រូវចំដៃខាងស្តាំ រងរបួសធ្ងន់។ រួចក្រុមចោរម្នាក់ ក្នុងចំណោមបក្ខពួក៧នាក់ បានបោះពាក្យសម្ដីទៅកាន់ ជនរងគ្រោះថា «អញស្អប់ណាស់ គ្រួសារឯង ធ្វើបាបគ្រួសារអញខ្លាំងណាស់» រួចក៏ស្រែកហៅបក្ខពួកថា ពួកយើងចេញតាមច្រកខាងក្រោយ និងបានបាញ់គំរាមជាច្រើនគ្រាប់ទៀត។ ចំណែកអ្នកភូមិនិងប្រជាការពារ បាននាំគ្នាតាមដែរ ប៉ុន្តែដោយសារតែចោរបាញ់គំរាមជាបន្តបន្ទាប់ ទើបនាំគ្នាដកថយ។

ករណីនេះ ត្រូវបានគេសង្ស័យថា ក្រុមចោរធ្លាប់ចេញចូល ផ្ទះជនរងគ្រោះ និងធ្លាប់មានគំនុំជាមួយនឹងគ្រួសារជនរងគ្រោះផងដែរ។

ក្រោយពីមានហេតុការណ៍នេះបានកើតឡើង កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុ ដោយបានបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ រួមបន្តតាមប្រមាញ់ក្រុមចោរទាំងនោះ ទាំងយប់ដោយឃាត់ខ្លួនជនសង្ស័យ បានម្នាក់នៅម្ដុំវត្តពោធិ៍វ័ន្ត ក្នុងសង្កាត់ស្នោរ ប៉ុន្តែមិនទាន់ដឹងថាចំមុខសញ្ញាចោរប្លន់ឬអត់នៅឡើយទេ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងតែធ្វើការសាកសួរ ចំណែកកម្លាំងនគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោក អធិការ មាន សំណាង ក៏បានចេញជួយក្នុងប្រតិបត្តិការនេះដែរ៕

https://youtu.be/hp52zRNE0sY

មតិយោបល់