យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចេញនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ លោក Michael Lambert នាយកផ្នែកក្រដាសប្រាក់ធនាគារក្នុងក្រុមប្រឹក្សាភិបាលនៃប្រព័ន្ធរូបិយវត្ថុបំរុង របស់ សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែឧសភា ដើម្បីលើកកំពស់ការយល់ដឹងលើឯកសារអប់រំ ដែលមានជាភាសាអង់គ្លេស និងភាសាខ្មែរ សំរាប់អ្នកប្រើក្រដាសប្រាក់ដុល្លារអាមេរិក។
លោក Lambert នឹងថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ ទី ១០ ខែឧសភា វេលាម៉ោង ៩:00 ព្រឹក នៅស្ថានទូតអាមេរិក ក្នុងរាជធានីភ្នំពេញ។
នៅពេលបច្ចុប្បន្ននេះ មានរូបិយវត្ថុអាមេរិកចំនួន ១,៤ លានលានដុល្លារកំពុងធ្វើចរាចរណ៍ ហើយក្រុមប្រឹក្សាភិបាលរូបិយវត្ថុបំរុងសហព័ន្ធប៉ាន់ប្រមាណឃើញថា ក្នុងចំនួនចន្លោះពីពាក់កណ្តាល ទៅ ២ ភាគ ៣នៃតំលៃរូបិយវត្ថុទាំងអស់ របស់សហរដ្ឋអាមេរិកធ្វើចរាចរ នៅក្រៅសហរដ្ឋអាមេរិក។ ដើម្បីធានាថា អ្នកប្រើប្រាស់និងក្រុមហ៊ុន នៅជុំវិញពិភពលោកដឹងវិធីសំគាល់ប្រាក់ដុល្លាពិតប្រាកដ ហើយរាយការណ៍ពីប្រាក់ដុល្លារដែលសង្ស័យថាក្លែងក្លាយ កម្មវិធីអប់រំស្តីពីរូបិយវត្ថុសហរដ្ឋអាមេរិករបស់ក្រុមប្រឹក្សាភិបាលសហព័ន្ធស្តីពីរូប៉ិយវត្ថុបំរុង ធ្វើការចុះអប់រំជាអន្តរជាតិ។
ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីអប់រំស្តីពីរូប៉ិយវត្ថុសហរដ្ឋអាមេរិក សូមចូលមើលគេហទំព័រ https://uscurrency.gov/។
អ្នកសារព័ត៌មានដែលមានបំណងចូលរួមនៅក្នុងពិធីនេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក តាមទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬផ្ញើអ៊ីម៉េលមក Chreav@state.gov ត្រឹមថ្ងៃចន្ទ ទី ៩ ខែឧសភា វេលាម៉ោង ១០ ព្រឹក៕
មតិយោបល់