ភ្នំពេញៈ ល្បែងកន្ទុយលេខឆ្នោតវៀតណាមស៊ីសងខុសច្បាប់ បំភាន់ភ្នែកសមត្ថកិច្ចជ្រកក្រោមស្លាកសញ្ញាយីហោ ឱសថស្ថានលក់ថ្នាំពេទ្យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលមូលដ្ឋាន ដឹកនាំដោយលោកអនុសសេនីយ៍ត្រី ម៉ៅ ចាន់ថុន បានធ្វើការចុះបង្ក្រាប កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ដែលស្ថិតចំណុចផ្ទះលេខ១៩៦៤ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម២ ភូមិខ(១) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន បានឲ្យដឹងថា ជាលទ្ធផលក្នុងការចុះបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចយើងសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួលពីសំណាក់លោកស្រី វ៉ា សក្កដា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចយើងបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងលួចជ្រកក្រោយស្លាកយីហោ ឱសថស្ថានលក់ថ្នាំពេទ្យ ដោយសមត្ថកិច្ចយើងបានឃាត់ខ្លួនមនុស្សម្នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។
លោក បានបន្តទៀតថា នៅក្នុងកិច្ចការប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកកត់ឆ្នោត) ស្នាក់នៅទីតាំងកើតហេតុខាងលើ។ ចំណែកឯវត្ថុតាងដកហូតរួមមា៖ ក្រដាស់សម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ,ត្រាសម្រាប់វាយថ្ងៃខែឆ្នាំចំនួនមួយ,ប៊ិចចំនួន៣ដើម,ម៉ាស៊ីនគិតលេខចំនួនមួយ,សេរីចេញឆ្នោតមួយចំនួន និងប្រាក់ចំនួន ៨ម៉ឺនរៀល។
ក្រោយមកពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើនេះ ទៅធ្វើការសាកសួរបន្ត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់