សៀមរាបៈ នៅពេលបញ្ចប់ការងារសាងសង់ ប្រព័ន្ធធារាសាស្ត្រស្ទឹងជីក្រែង ក្រៅពីការផ្តល់ទឹកសម្រាប់បម្រើឱ្យការស្រោចស្រពលើផ្ទៃដីដំណាំស្រូវវស្សា ចំនួន ១៨.២០០ហិកតា និងស្រូវប្រាំង ចំនួន៣.២០០ហិកតា ប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីក្រែង ក៏ដើរតួនាទីផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់នៅផ្នែកខាងក្រោមផងដែរ។
ការដ្ឋានសាងសាង់នេះ បានចាប់ដំណើរការ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានទំហំការងារដូចជា សាងសង់ប្រឡាយមេធំ ០១ខ្សែ ប្រវែង១៤.៥០០ម៉ែត្រ, ប្រឡាយមេ ០៦ខែ្ស សរុបប្រវែង ៦០.៩០០ម៉ែត្រ, ប្រឡាយមេដោះទឹក០១ ខ្សែប្រវែង ១៥.២០០ម៉ែត្រ, ប្រឡាយដោះទឹក ០១ ខ្សែ ប្រវែង៣០០ម៉ែត្រ, ប្រឡាយដោះទឹករង០៤ ខ្សែសរុបប្រវែង ២៥.០២០ម៉ែត្រ, សំណង់បញ្ចាល់ទឹក០១ កន្លែង, សំណង់ស្ទាក់ទឹក ០១កន្លែង, សំណង់យកទឹក ០៣កន្លែង, សំណង់សម្រួលចរន្តទឹក ២៩កន្លែង, សំណង់ចែកចាយទឹក ៣៩កន្លែង, សំណង់បញ្ចេញទឹក ០៩កន្លែង, ទំនប់បង្ហៀរ ០១កន្លែង, លូប្រអប់ ៩២កន្លែង, ស្ពាន ២៩កន្លែង, ទំនប់ការពារទឹកជំនន់ ០២កន្លែង ប្រវែង ១៣.២០០ម៉ែត្រ។
មកដល់ពេលនេះ ការងារខាងលើ សម្រេចបានប្រមាណ ៧២ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ៕
មតិយោបល់