ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តី​ម្នាក់ ពីបទឆបោកលុយជិត២ម៉ឺនដុល្លារ

ពោធិ៍សាត់: ស្រ្តី​វ័យក្មេងម្នាក់ ដែលជាប់ចោទ ពីបទឆបោកលុយជិត២ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច ធ្វើការ​ឃាត់ខ្លួនកាលពី​វេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។

មេប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាចបានឲ្យដឹងថា ករណីឃាត់ខ្លួនស្រ្តី​ខាងលើនេះ​ យោងតាម​ពាក្យបណ្តឹងពីប្រជាពលរដ្ឋ២នាក់ ១-ឈ្មោះ ង៉ោ ឡាង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍​សាត់ បាន​ប្តឹងស្រ្តី​សង្ស័យឈ្មោះ បូ សភ័ស អាយុ២៣ឆ្នាំ ជជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយចោទ ពីបទឆបោកប្រាក់ចំនួន៥០០០ដុល្លារ (ប្រាំពាន់ដុល្លារ) និងពាក្យបណ្ដឹងទី២-ឈ្មោះ ជៀម ស៊ីណាត ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ដោយ​ប្តឹងទៅលើ​ឈ្មោះ បូ សភ័ស ដែរ ដោយ​ចោទពីបទ​ជំពាក់ប្រាក់ចំនួន ១០៤០០ដុល្លារ (មួយម៉ឺនបួនរយដុល្លារ)។

លោកមេប៉ុស្តិ៍បានបន្តថា ក្រោយពេលទទួលបណ្តឹងភ្លាម លោកបានចាត់កម្លាំងចុះទៅ​ឃាត់ខ្លួនស្រ្តី​សង្ស័យ រួមនឹងរថយន្តម៉ាក RX300 មួយគ្រឿង ពណ៌ស ពាក់ស្លាក ភ្នំពេញ 2AK-6221 មកធ្វើការសាកសួរ ស្រ្តី​​សង្ស័យបានសារភាពថា ខ្លួនពិតជាបានជំពាក់ប្រាក់ ស្រ្តីរងគ្រោះទាំងពីរនាក់ខាងលើ ពិតប្រាកដមែន។

លោក​អធិការដ្ឋាននគរបាលស្រុកក្រគរនៅម៉ោង៧និង៤១នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា តាមបញ្ជារបស់លោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងពោធិ៍សាត់ បច្ចុប្បន្ន​ស្រ្តី​សង្ស័យ ត្រូវបាន​បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់