ភ្នំពេញៈ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌទួលគោក សហការជាមួយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀនមួយកញ្ចប់តម្លៃ២០ដុល្លារ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ កាលពីវេលាម៉ោង៩និង៥០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវ១៨៦កែងនឹងផ្លូវ២៦១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ទី១. មានឈ្មោះ វន វិន អាយុ២៤ឆ្នាំ រស់នៅផ្ទះជួលនៅម្តុំបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២. ឈ្មោះ លី សុង អាយុ២៣ឆ្នាំ រស់នៅម្តុំបឹងសាឡាង ខណ្ឌទួលគោក។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ គេឃើញជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1KX-4990 ដែលម្នាក់មានពាក់មួកសុវត្ថិភាព និងម្នាក់ទៀតគ្មានមួក ខណៈដែលជិះមកគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នៅតាមបណ្តោយផ្លូវ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនសង្ស័យទាំង២នាក់ព្យាយាមជិះគេច ដោយមានការសង្ស័យទើបសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនបានទូរសព្ទទៅអ្នកលក់ថ្នាំញៀនម្នាក់ដែលស្ថិតនៅម្តុំសំណង់១២ ក្នុងតម្លៃ២០ដុល្លារ។ បន្ទាប់ពីបានថ្នាំញៀន ពួកគេបានត្រលប់មកវិញក៏ត្រូវសមត្ថកិច្ចចាប់ជាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវីធីច្បាប់៕








មតិយោបល់