Post News Media ព័ត៌មានជាតិ សមត្ថកិច្ច ឃា...

សមត្ថកិច្ច ឃាត់ខ្លួនស្ត្រីមេកន្ទុយលេខចល័តតាមម៉ូតូរ៉ឺម៉កកង់បីម្នាក់

ភ្នំពេញ: ស្ត្រីជាមេកន្ទុយលេខចល័តតាមម៉ូតូរ៉ឺម៉កកង់បីម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ខណ:ពេលដែលកំពុងតែដើរធ្វើសកម្មភាពដើរកត់កន្ទុយលេខនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនោះ រួមទាំងដកហូតបានវត្ថុតាងមួយចំនួនធំទៀតផងដែរ។

ការឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងមុខដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលជាមេកន្ទុយលេខដែលឃាត់ខ្លួនមានឈ្មោះ គង់ ចន្ធី អាយុ៤០ឆ្នាំ មុខរបរកត់កន្ទុយលេខ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ការឃាត់ខ្លួននេះដែរ បានធ្វើឡើងខណ:ពេលលដែលស្ត្រីខាងលើកំពុងតែដើរកត់កន្ទុយលេខនៅតាមម៉ូតូរ៉ឺម៉ក១គ្រឿងនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ដោយធ្វើការដកហូតបាននូវវត្ថុតាងមួយចំនួនមានដូចជា ម៉ូតូរ៉ឺម៉កកង់បីចំនួនន១គ្រឿង លុយខ្មែរចំនួន២លាន ២០ម៉ឺនរៀល លុយដុល្លារចំនួន២០០ដុល្លារ រួមទាំងវត្ថុតាងដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

បច្ចុប្បន្ន ស្ត្រីជាមេកន្ទុយលេខចល័តខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់ធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

Loading...