Samuel Eto’o បាននិយាយថាប្រពន្ធរបស់គេគឺជាចៅហ្វាយ ដូច្នេះហើយប្រសិនបើនាងចង់ឱ្យខ្សែប្រយុទ្ធរូបនេះទៅលេងនៅ Ligue1 របស់បារាំង នោះរូបគេនឹងទៅភ្លាម។
Marseille ជាក្លឹបមួយនៅបារាំង ដែលចង់បានអតីតខ្សែប្រយុទ្ធ Barcelona រូបនេះទៅលេងឱ្យខ្លាំងមែនទែន បើទោះបីជារូបគេមានវ័យ៣៥ឆ្នាំហើយក៏ដោយ។ យ៉ាងណាមិញ កីឡាករដែលកំពុងប្រកបអាជីពនៅក្លឹប Antalyaspor របស់ទួគីរូបនេះ ហាក់ស្ទាក់ស្ទើរចិត្តមែនទែនក្នុងការសម្រេចចិត្ត ត្បិតអីខ្លួនលែងចង់ប្រឡូកក្នុងលីគធំៗទៀតហើយ។
Eto’o ទាក់ទងនិងរឿងនេះបាននិយាយបែបកំប្លែងថារូបគេនឹងសួរទៅប្រពន្ធសិន ព្រោះនាងជាចៅហ្វាយ ហើយប្រសិនបើនាងពិតជាសម្រេចយ៉ាងណា នោះខ្លួននឹងតាមនាងជាក់ជាមិនខាន។
កីឡាករសញ្ជាតិកាមេរ៉ូនរូបនេះ មានបទពិសោធន៍ជោគជាំមែនទែនជាមួយក្លឹបធំៗនៅអឺរ៉ុប តួយ៉ាងដូចជា Barcelona , Real Madrid , Inter Milan , Chelsea , Everton ជាដើម សុទ្ធតែធ្លាប់លេងឱ្យអស់ហើយ។ ដោយឡែកក្លឹបដែលរូបគេជោគជ័យជាងគេនោះគឺនៅ Barcelona ដោយបង្ហាញខ្លួន១៤៥ប្រកួតរកបានដល់ទៅ១០៨គ្រាប់ឯណោះ៕
មតិយោបល់