ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម

កណ្តាល: បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើឃាតទៅលើអ្នកជិតខាង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ សំណាត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ ឃុំកើតហេតុ មានរបួសគ្រិចកជើងខាងស្តាំមួយកន្លែង។ រីឯជនជនសង្ស័យមានឈ្មោះ ខុម សុភ័ក្រ ហៅតុ ម៉ុស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុ(ឃាត់ខ្លួន)។ ដោយឡែកវត្ថុតាងដកហូតបាន កាំបិតបុ័ងតោពណ៌ខ្មៅគ្មានដង១ កាំបិតចុងស្រួចពណ៌ស ដងជរ័ពណ៌ខ្មៅ១។

សមត្ថកិច្ចបន្តថា រយ:ពេលជាច្រើនថ្ងៃមកហើយដែលជនសង្ស័យតែងតែជេរឡូឡារគំរាមកំហែងអ្នកជិតខាង ព្រមទាំងមានកាន់កាំបិតជាប់នៅនឹងដៃពុំមានអ្នកណាហ៊ានចូលឃាត់ឡើយ ឯឪពុកម្តាយក៏មិនហ៊ាននៅផ្ទះដែរ លុះដល់វេលាកើតហេតុខាងលើ ជនសង្ស័យបានជេរប្រមាថលើជនរងគ្រោះឈ្មោះ ចាន់ សំណាត និងប្រពន្ធ ដោយគ្មានមូលហេតុ បន្ទាប់មកជនសង្ស័យបានយកកាំបិតបុ័ងតោ គប់មកត្រូវជញ្ជាំងផ្ទះជនរងគ្រោះដែលធ្វើពីស័ង្កសី បណ្តាលឲ្យជាប់កាំបិតនឹងជញ្ជាំងតែម្តង នោះពេលនោះ ជនរងគ្រោះបានសួរនាំស្រាប់តែជនសង្ស័យបានយកកាំបិតចុងស្រួចកាន់រត់មកដេញចាក់ជនរងគ្រោះ ហើយជនរងគ្រោះបានរត់ដួល បណ្តាលឲ្យគ្រិចកជើងខាងស្តាំ ទើបមានប្រជាពលរដ្ឋទូរសព្ទរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាកូវចុះទៅធ្វើអន្តរាគមន៍ ស្រាប់តែជនសង្ស័យបានយកកាំបិតចុងស្រួចដេញចាក់សមត្ថកិច្ច និងប្រជាពលរដ្ឋ ឃើញដូចនោះសមត្ថកិច្ច បានដកឃ្លាស្រាប់តែជនសង្ស័យបានរត់ដេញ តាមជំពប់ជើងដួលបណ្តាលឲ្យប៉ះក្បាលនឹងរបងថ្មរបស់ប្រជាពលរដ្ឋ មានរបួសក្បាលបន្តិចទើបចាប់ខ្លួនបាន
និងដកយកកាំបិតចុងស្រួចពីដៃរបស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

មតិយោបល់