បាត់ដំបងៈ ចោរជើងចាស់ម្នាក់ ដែលតែងតែធ្វើសកម្មភាពកាច់.ក សោម៉ូតូរាប់ភ្លេច ត្រូវកម្លាំងសមត្ថកិច្ច ប្រទះឃើញពេលកំពុងធ្វើសកម្មភាពជាក់ស្តែង ហើយមានបំណងគេចខ្លួន ក៏សមត្ថកិច្ច សម្រេចចិត្តទាំងបង្ខំ បាញ់តែម្តងបាក់ភ្លៅម្ខាង ។
ករណីនេះ បានកើតឡើង នៅវេលាម៉ោង៩ និង៣០ នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថ ក្រុងចំនួន ១០នាក់ បានចុះសហការជាមួយកម្លាំង នគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចេញប្រតិបត្តិការដោយបានដាក់ត្រួតពិនិត្យនៅក្នុង មន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង ក៏បានប្រទះឃើញមុខសញ្ញា កំពុងធ្វើសកម្មភាព ។
គួរបញ្ជាក់ថា កន្លងមកមានការកាច់.ក សោម៉ូតូជាញឹកញាប់ នៅកណ្តាលក្រុងបាត់ដំបង ពិសេសនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។ ក្រោយពីមានបទបញ្ជាពី លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្ត ក៏ដូចជាលោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត រួចមកកម្លាំងទាំងពីរ បានសហការគ្នាក្រោមការដឹកនាំរបស់ លោក ឧត្តមសេនីយ៍ ស្នងការរង ជេត វណ្ណនី បានដាក់ពង្រាយកម្លាំង តាមបណ្តាគោលដៅសំខាន់ៗ ក្នុងក្រុងបាត់ដំបងទាំងមូល ដើម្បីពិនិត្យ និងតាមដានរាល់សកម្មភាព របស់មុខសញ្ញាទាំងនេះ ។
សមត្ថកិច្ច ចុះប្រតិបត្តិការនេះ បានឲ្យដឹងថា ក្រោយពេលឃាត់ខ្លួនទើបដឹងថា ជនសង្ស័យនេះមានឈ្មោះជា សំណាង ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិស្រះបន្ទាយ ឃុំបណ្តុះសណ្តែក ស្រុកបារាយ ខេត្តកំពង់ធំ ។ បច្ចុប្បន្នក្រោយពេលផ្ទុះអាវុធ ក្រុមគ្រូពេទ្យបាននាំយកជនសង្ស័យរូបនេះ ទៅរុំរបួសជាបណ្តោះអាសន្ន ព្រមទាំងបានប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលក្រុង នាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាន រួមជាមួយ នឹងវត្ថុតាងដែលជាឧបករណ៍សម្រាប់ធ្វើ សកម្មភាពកាច់.ក សោម៉ូតូ ៕
មតិយោបល់