ព័ត៌មានជាតិ

ស្រឡាញ់គ្នារាប់ឆ្នាំ ចុងក្រោយបែរជាឃើញនារីដែលខ្លួនស្រឡាញ់ នាំប្រុសថ្មីឡើងផ្ទះសំណាក់

ភ្នំពេញ: ស្ត្រីលួចមានទំនាក់ទំនងស្នេហា ជាមួយនឹងប្រុសថ្មី ក្បត់ប្តី ចៃដន្យ ត្រូវបានប្តីតាមទាន់ ក៏ឈ្លោះប្រកែកគ្នា ផ្អើលពេញផ្ទះសំណាក់ គីម ចោមចៅ កាលពីវេលាម៉ោង២ និង៣០នាទី រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតតាមផ្លូវ៣០CC ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជាប្តីមានឈ្មោះ សុវណ្ណ ពិសិដ្ឋ អាយុ២៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកស្ត្រីជា ប្រពន្ធមានឈ្មោះ ផន ចិន្តា អាយុ២៤ឆ្នាំ មុខរបរលក់សាច់គោអាំង ស្នាក់នៅខេត្តមណ្ឌលគិរី មានស្រុកកំណើតភូមិត្រាវឯម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ រីឯបុរសជាប្រុសស្នេហ៍ មានឈ្មោះ រស់ ពិសិដ្ឋ អាយុ២៧ឆ្នាំ មិនបានប្រាប់ពីទីកន្លែងស្នាក់នៅនិងមុខរបរនោះទេ។

ប្រភពព័ត៌មានពីបុរសដែលជាប្តីឈ្មោះ សុវណ្ណ ពិសិដ្ឋ បានឲ្យដឹងថា រូបគេបានរស់នៅជាមួយគ្នាអស់រយ:ពេល៨ឆ្នាំមកហើយ តែមិនបានរៀបការនោះទេ គ្រាន់តែម៉ែឪទាំងសងខាងបានដឹងឮ ។ លុះរយ:ពេល២ខែនេះ ប្រពន្ធរបស់ខ្លួនបានដើរចេញពីខ្លួន ដោយមានការសង្ស័យ ខ្លួនបានតាមរកនាងជាច្រើនថ្ងៃច្រើនយប់ទើបប្រទះឃើញនាងនៅផ្ទះសំណាក់តែម្តង។

ចំណែកនារីដែលមានប្រុសថ្មីបាននិយាយថា នាងនិងប្តី ដែលជាបុរសទី១ បានរស់នៅ និងស្រលាញ់គ្នាត្រឹមរយ:ពេលបួនឆ្នាំប៉ុណ្ណោះ ហើយនាងបានបែកគ្នារយ:ពេល២ខែមកហើយ ទើបខ្លួនបានមកផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសគូស្នេហ៍ក្រោយនេះ ព្រោះអស់ចិត្តនឹងបុរសដែលជាប្តីមុន ។

ចុងបញ្ចប់ បុរសដែលជាប្តី មិនអាចឃាត់ចិត្តរបស់នាងបាន ក៏បណ្តោយឲ្យនាងទៅតាមសង្សារថ្មីទាំងអាល័យ៕

មតិយោបល់