ព័ត៌មានជាតិ

ឆក់ទូរសព្ទ រួចព្យាយាមជិះគេចតែមិនសម្រេច ត្រូវពលរដ្ឋស្វាគមន៍ទ្រមខ្លួន

ភ្នំពេញ: ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីយុវតី២នាក់បានសម្រេច ខណ:ជិះម៉ូតូព្យាយាគេចខ្លួនក៏ជ្រុលចង្កូតទៅបុកនឹងខឿនចិញ្ចើមផ្លូវបណ្តាលឲ្យបែកកង់ម៉ូតូខាងមុខដួល ហើយត្រូវអ្នកដំណើរតាមដងផ្លូវចាប់បាន និងស្វាគមន៍មួយដៃមួយជើងទំរាំតែសមត្ថកិច្ចទៅដល់ទ្រមខ្លួន។

ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០៤ មុខសាលាអន្តរជាតិCIA ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១. មានឈ្មោះ ចាន់ ម៉ៅ អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ និងមានស្រុកកំណើតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកបាណន់ ខេត្តបាត់ដំបង(អ្នកបើកម៉ូតូ)។ ចំណែកទី២. ឈ្មោះ ស៊ុ សុភា អាយុ ១៨ឆ្នាំ មុខរបរ ជាសិស្ស រៀននៅមណ្ឌលភាពញញឹមនៃកុមារស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ (អ្នកធ្វើសកម្មភាពឆក់)
ដោយឡែកយុវតីរងគ្រោះ ឈ្មោះ ឡែន លីដា អាយុ១៤ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសំដីយុវតីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ នាងបានជិះម៉ូតូ១គ្រឿងម៉ាក TODAY ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1FL-1599 ដោយមានមិត្តភក្តិជាយុវតីដូចគ្នាម្នាក់ឈ្មោះ ហេង មីជីង អាយុ ១៤ឆ្នាំ រៀននៅសាលាជាមួយគ្នា ស្នាក់នៅផ្ទះលេខ ១៣៣ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាអ្នកឌុបចេញពីសាលារៀនគោលបំណងទៅផ្ទះនៅភូមិស្លែងរលើង ខណ:មកដល់ចំណុចខាងលើនាងបានយកទូរសព្ទម៉ាក Iphone5 ពណ៌ប្រាក់គោលបំណងចុចតេ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-9762 មកពីក្រោយធ្វើសកម្មភាពឆក់ទូរសព្ទពីដៃនាងបានសម្រេច ពេលនោះធ្វើឲ្យម៉ូតូរបស់នាងដួលរងរបួសរលាត់ដៃជើងទាំងពីរនាក់។ ចំណែកជនសង្ស័យ ក្រោយពីឆក់បានសម្រេចហើយ បានព្យាយាមបើកម៉ូតូរត់គេច ក៏ជ្រុលចង្កូតទៅបុកនឹងខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យបែកកង់ម៉ូតូខាងមុខដួលហើយត្រូវអ្នកដំណើរតាមដងផ្លូវចាប់បាន និងស្វាគមន៍មួយដៃមួយជើងទំរាំតែសមត្ថកិច្ចទៅដល់ ទ្រមខ្លួន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានប្រកែកថាខ្លួនមិនឆក់ទូរសព្ទដៃរបស់យុវតីខាងលើទេ គ្រាន់តែជិះប៉ះដៃចង្កូត បណ្តាលឲ្យម៉ូតូយុវតីខាងលើដួលប៉ុណ្ណោះ ដោយសារខ្លួនភ័យទើបបើកម៉ូតូរត់។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ក្រោយពីសាកសួរនៅប៉ុស្តិ៍ទឹកថ្លាចប់ បានឃាត់ខ្លូនបណ្តោះអាសន្នយកមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត៕

មតិយោបល់