ព័ត៌មានជាតិ

នៅរសៀលនេះ តុលាការនឹងសម្រេចឃុំខ្លួនបុរសម្នាក់ ដែលបើករថយន្តបុកអ្នកដទៃស្លាប់២នាក់ និងរបួស៤នាក់ ជាបណ្តោះអាសន្ន

ភ្នំពេញ : សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះលោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួនៃសាលាដំបូងរាជធានីភ្នំពេញ នឹងចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ដែលបានបើករថយន្តទៅបុកម៉ូតូចំនួន២គ្រឿងផ្ទុះឆេះបណ្តាលឲ្យមានមនុស្សស្លាប់២នាក់ និងរបួស៤នាក់ នៅខណ្ឌមានជ័យ ជាបណ្តោះអាសន្នសិន ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ដឹងថាជនត្រូវចោទនឹងត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារណានោះទេ ដោយសារតែសមត្ថកិច្ចកំពុងរងចាំដីកាសម្រេចពីចៅក្រមស៊ើបសួរនៅឡើយ។ ការសម្រេចចេញដីកា ឃុំខ្លួនជនត្រូវចោទ ធ្វើឡើងនៅក្រោយពេលដែលចៅក្រមរូបនេះបានសាកសួរជនត្រូវចោទអស់មួយព្រឹកនេះរួចមក។

ប្រភពដដែលបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ រ៉ាត់ វីរៈដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានតុលាការចោទប្រកាន់ចំនួន២បទល្មើស គឺ បើកបរធ្វេសប្រហែសបណ្តាល ឲ្យអ្នកដទៃស្លាប់ និងរបួស តាមមាត្រា៨៥ និង៨៣នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

គួររំឮកថា កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញរវាងរថយន្តម៉ាក Camry Hybrid ពណ៌ស ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1W-6796 បើកបរដោយជនត្រូវចោទខាងលើក្នុងទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូចំនួន ០២គ្រឿងម៉ាក Viva ពណ៍ខ្មៅ និង ម៉ាក Smash V ពណ៍ខ្មៅ (ទិសដៅស្របគ្នា) បណ្តាលឲ្យផ្ទុះឆេះមនុស្សស្លាប់ចំនួន ២នាក់ និងរបួសមនុស្ស៤នាក់៕

Driver050516

មតិយោបល់