ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ ស្រវឹងបានបើករថយន្តក្នុងល្បឿនលឿនវ៉ាប្រជែង រួចជ្រុលទៅបុកម៉ូតូដែលកំពុងជិះឌុបគ្នា២នាក់ពេញទំហឹង បណ្តាលឲ្យម្នាក់ត្រូវរថយន្តបុកប៉ើងធ្លាក់ចូលទឹកប្រឡាយស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តបង្កមានឈ្មោះ វណ្ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមួយកន្លែង រស់នៅភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះដែលរងរបួសនិងស្លាប់ទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តបង្ករម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5234 បើកបរក្នុងទិសដៅពីត្បូងទៅជើង ស្ថិតក្នងស្ថានភាពស្រវឹងជោគជាំ បើករថយន្តដោយល្បឿនលឿននិងការវ៉ាប្រជែង លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AH-4290 ដែលកំពុងជិះឌុបគ្នាដោយបុរស២នាក់ ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យក្នុងចំណោមជនរងគ្រោះទាំង២នាក់ មានម្នាក់ត្រូវរថយន្តបុកប៉ើងធ្លាក់ចូលទៅក្នុងប្រឡាយទឹក ស្លាប់បាត់បង់ជីវិត ចំណែកម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ចំណែករថយន្តបង្ក ក្រោយពីបង្កហេតុរួចនោះ បានព្យាយាមបើករថយន្តគេចខ្លួន តែត្រូវបានសមត្ថកិច្ចដេញចាប់បាន។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញ បានចុះមកធ្វើការវាស់វែង ដោយបាននាំយកម៉ូតូនិងរថយន្ត យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់