ប្រធានអាជ្ញាធរផ្សព្វផ្សាយរបស់ថៃ បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា បច្ចេកវិជ្ជា 5G នឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសរបស់ខ្លួន នាឆ្នាំ ២០២០ ខាងមុខនេះ ជាមិនខាន។
មន្ត្រីបេសកកម្មរបស់ក្រសួងទូរគមនាគមន៍ និងផ្សព្វផ្សាយ លោក Prawit Leesathapornwongsa បានថ្លែងបែបនេះ ខណៈពេលដែលប្រទេសថៃ បានរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ ITU Telecom World ឆ្នាំ ២០១៦។
បច្ចេកវិជ្ជាបណ្តាញអិុនធើណែត 5G នឹងនាំមកនូវភាពកាន់តែល្អប្រសើរឡើងនៅក្នុងវិស័យសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការទស្សនា និងចែកចាយវីដេអូសម្រាប់អតិថិជន។
យោងតាមរបាយការណ៍ពី TNA បច្ចេកវិជ្ជា 5G ក៏នឹងជំរុញសន្ទុះនៃការធ្វើទំនើបកម្ម និងការបង្កើនសមត្ថភាពរបស់ម៉ាស៊ីនយន្តនៅក្នុងដំណើរការវះកាត់ពីចម្ងាយផងដែរ។
លោក Pravit បានបន្ថែមថា៖ «បច្ចេកវិជ្ជា 5G ក៏នឹងជួយជំរុញការអភិវឌ្ឍវិស័យបច្ចេកវិជ្ជា ដែលនឹងដឹកនាំឱ្យមានការបង្កើតថ្មថាមពលកាន់តែខ្លាំងសម្រាប់ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ»។
ដោយឡែក គេមិនទាន់ផ្តល់ឱ្យនូវព័ត៌មានលម្អិតលើសពីនេះនៅឡើយទេ ប៉ុន្តែ បើយោងតាមការអះអាងពីក្រុមអ្នកឯកទេស នៅពេលប្រព័ន្ធនេះត្រូវបានគេដាក់ឱ្យដំណើរការ វានឹងផ្តល់នូវលឿនអីុនធើណែតលឿនជាងប្រព័ន្ធ 4G ខ្លាំងណាស់ ហើយវានឹងលឿនហួសពីការស្មាន។ បច្ចេកវិជ្ជា 5G នេះទៀតសោត នឹងធ្វើបដិវត្តន៍លើសេវាកម្ម និងអាជីវកម្មអនឡាញ បន្ថែមពីលើការជំរុញកំណើនសេដ្ឋកិច្ចឱ្យខ្លាំងក្លាមិនធ្លាប់មាន។
ក្រុមអ្នកឯកទេសបន្ថែមថា តាមរយៈបច្ចេកវិជ្ជាអិុនធើណែតល្បឿនលឿននេះ អ្នកប្រើប្រាស់នឹងទទួលបាននូវបទពិសោធន៍ថ្មីៗគ្មានដែនកំណត់ ហើយពួកគេលែងត្រូវការរង់ចាំសម្រាប់ការទាញយកអ្វីៗពីអ៊ីនធើណែតដូចពេលបច្ចុប្បន្នទៀតហើយ គឺគ្រាន់តែចុចលើឯកសារដែលចង់បានពីអីុនធើណែត នោះវានឹងរត់ចូលមកទូរស័ព្ទ ឬម៉ាស៊ីនកុំព្យូទ័រមួយរំពេចតែម្តង៕
ប្រភពព័ត៌មាន៖ tech.thaivisa
មតិយោបល់