ព័ត៌មានជាតិ

ជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ជិត២០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

រតនគិរី: កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកលំផាត់ សហការជាមួយកម្លាំងជំនាញការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានបង្ក្រាបនិងចុះឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ជិត២០នាក់ នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលមកស្នាក់នៅនិងប្រកបការងារក្នុងប្រទេសកម្ពុជា។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសមុទ្រក្រោម-សមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិវៀតណាម ដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើ មានចំនួន១៧នាក់ ។ ក្នុងចំណោមជនជាតិវៀតណាមចំនួន១៧នាក់នេះ ក្នុងនោះអ្នកដែលមានលិខិតឆ្លងដែន មានចំនួន៥នាក់ គ្មានលិខិតឆ្លងដែនចំនួន១២នាក់ ។ ដែលពួកគេទាំងនេះ បានមកឆ្លងដែនរកស៊ីអាឈើខុសច្បាប់ក្នុងប្រទេសកម្ពុជា រួមទាំងដកហូតបានមធ្យោបាយធ្វើដំណើរ(ម៉ូតូ)ចំនួន៨គ្រឿងផងដែរ។

ក្រោយការឃាត់ខ្លួនជនជាតិវៀតណាមទាំង១៧នាក់ សមត្ថកិច្ចបានធ្វើការបញ្ជូនអ្នកទាំង១៧នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី រួចហើយ និងបញ្ជូនទៅមាតុភូមិរបស់ពួកគេវិញផងដែរ ៕

មតិយោបល់