Post News Media ព័ត៌មានជាតិ បើកម៉ូតូទៅបុក...

បើកម៉ូតូទៅបុកដើមកៅស៊ូ បាក់(ក) ស្លាប់នៅនឹងកន្លែង!..

ត្បូងឃ្មុំ: យុវជនម្នាក់ ដែលគេតែងតែឃើញបើកបរម៉ូតូលឿនដូចហោះជារៀងរាល់ថ្ងៃ តែបែរជាថ្ងៃនេះភ្លាត់ស្នៀត ជ្រុលទៅបុកជាមួយនឹងដើមកៅស៊ូពេញទំហឹង បណ្ដាលឲ្យដួលបាក់(ក)ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ និង១៥ នាទី រសៀល ថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវកែង ត្រង់ឡូតិ៍កៅស៊ូរដ្ឋលេខ ៣៥D ស្ថិតក្នុងភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ឃិន សាមឌី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាឆ្មាំការពារចម្ការកៅស៊ូមេមត់ ប្រចាំភូមិឆ្លូង១ ( មូលដ្ឋានព្រែកឆ្លូង) ស្នាក់នៅក្នុងភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ យុវជនខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ គ្មានស្លាកលេខ ក្នុងល្បឿនលឿនដូចហោះ លុះបានមកដល់ចំណុចផ្លូវកែង ក៏ជ្រុលទៅបុកជាមួយនឹងដើមកៅស៊ូយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនអ្នកបើកម៉ូតូ ដួលបាក់(ក) ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ បានចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវផងដែ។

តាមប្រភពពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះខាងលើនេះ តែងតែបើកបរម៉ូតូក្នុងល្បឿនលឿន ជារៀងរាល់ពេលបើកបរ ទើបបណ្ដាលឲ្យជួបនឹងឧបទ្ទេវហេតុបែបនេះតែម្តង។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...