ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ សោម៉ាវត្តី ជាប់តំណែងជា តារាប្រជាប្រិយប្រចាំឆ្នាំ

ចាត់ទុកជាការចាប់អារម្មណ៍ ដែលតារាសម្ដែងស្រីអ្នកនាងសុខ សោម៉ាវត្តី ត្រូវបានគេឲ្យតំណែងសម្គាល់ជាតារា ដែលមានប្រជាប្រិយនាំមុខគេ សម្រាប់ឆ្នាំ២០១៦ ដោយសម្អាងថាគ្រប់រឿងដែលនាងបានសម្ដែង នៅតាមរោងកុនរបស់លីជេន មានអ្នកទស្សនាមិនធម្មតាចំនួន៤រឿង។ អ្នកនាងគឺជាតារាសម្ដែងតែម្នាក់ឯងគត់ ដែលទទួលបានតំណែងនេះ ខណ:ដែលអ្នកឈ្នះតំណែងផ្សេងទៀត គឺសុទ្ធតែជាផលិតករ។

មានការចាប់អារម្មណ៍មិនតិចនោះទេ បន្ទាប់ពីពិធីប្រកាសខ្សែភាពយន្តឆ្នើមចំនួន១១ ដែលទទួលបានចំណូលខ្ពស់ ប្រចាំឆ្នាំ២០១៦ នៅផ្សារទំនើបTK កាលពីល្ងាចថ្ងៃ២៨ ធ្នូ បានប្រកាសថាតារាសម្ដែងអ្នកនាងសុខ សោម៉ាវត្តី គឺជាតារាតែម្នាក់ ដែលមានប្រជាប្រិយភាពជាងគេ សម្រាប់ឆ្នាំ២០១៦ ដោយសារតែសម្អាងថារឿងដែលអ្នកនាងសម្ដែង សុទ្ធតែទទួលបានចំណូលខ្ពស់។ អ្នករៀបចំព្រឹត្តិការណ៍ Movies Of The Year 2016 បានអះអាងថា ស្ថិតិដែលបានកំណត់ឡើង គឺផ្ដោតតែលើទិន្នន័យដែលទទួលបានការបញ្ចាំងរឿង នៅគ្រប់រោងទំនើបរបស់រោងភាពយន្តលីជេនប៉ុណ្ណោះ ដោយមិនបានបូកបញ្ចូលស្ថិតិពីរោងភាពយន្តផ្សេងៗ នោះទេ ដោយសារតែព្រឹត្តិការណ៍នេះ ជាការរៀបចំដោយរោងកុនលីជេន។ យ៉ាងណាមិញ ដោយសារតែរោងលីជេន មានច្រើនទីតាំង ហើយក៏មានចំនួនអ្នកទស្សនា នៅទូរទាំងប្រទេសច្រើន ទើបស្ថិតិដែលបានកំណត់ឡើង ក៏មិនខុសពីស្ថិតិភាគច្រើន ក្នុងចំណោមអ្នកចូលចិត្តភាពយន្តតាមរោងកុន។ អ្នករៀបចំព្រឹត្តិការណ៍ បានអះអាងថា ដើម្បីលើកទឹកចិត្តដល់ផលិតករ ដែលខំផលិតភាពយន្តបានល្អ ទើបរោងភាពយន្តលីជេនសម្រាប់ធ្វើ ពិធីប្រគល់ប័ណ្ណសរសើរដល់រឿងទាំង១១។ ព្រឹត្តិការណ៍ Movies Of The Year 2016 ជាការរៀបចំលើកទី១ ដោយក្នុងចំណោមរឿងចំនួន១១ទាំងរឿងខ្មែរ និងបរទេសដែលទទួលចំណូលខ្ពស់ប្រចាំឆ្នាំ ក៏មានរឿងមួយរបស់ផលិតករខ្មែរ ឈ្នះតំណែងជាភាពយន្តមានអ្នកបោះឆ្នោត ចូលចិត្តបំផុត។ អ៊ីចឹងហើយទើបផលិតកររឿង «កំណត់នាងនាថ» ដែលឈ្នះតំណែងនោះ ទទួលបានប័ណ្ណសរសើរចំនួន៣ គឺប័ណ្ណកំណត់ថាជារឿងមានគេបោះឆ្នោត ឲ្យច្រើនជាងគេ ជារឿងដែលមានចំណូលខ្ពស់ ក្នុងចំណោមរឿងទាំង១១ និងជារឿងដែលមានលទ្ធភាពប្រជែង នឹងភាពយន្តបរទេសដែលល្អបំផុត របស់រោងភាពយន្តលីជេន។ ដោយឡែកសម្រាប់ផលិតករផ្សេង បានទទួលតែប័ណ្ណសម្គាល់ថា ជារឿងល្អទទួលបានចំណូលខ្ពស់ប៉ុណ្ណោះ។ ក្នុងពិធីនោះក៏មានការប្រកាសផ្ដល់តំណែងដល់ តារាឆ្នើមប្រចាំឆ្នាំបន្ថែមមួយទៀតផងដែរ ដោយតំណែងនោះគឺ បានទៅលើអ្នកនាងសុខ សោម៉ាវត្តី ដោយសារតែក្ន្ងងចំណោម១១រឿង ដែលទទួលបានចំណូលខ្ពស់ គឺរឿងរបស់នាងសម្ដែងមានដល់ទៅ៤នៅក្នុងនោះ។

សុខ សោម៉ាវត្តី បានអះអាងថានេះជាលើកទី១ ដែលនាងទទួលបានតំណែងជាតារាសម្ដែងឆ្នើមប្រចាំឆ្នាំ ឬតារាដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ។ បើទោះជាការកំណត់នេះ គឺជាការរៀបចំតែម្ខាងរបស់រោងភាពយន្តលីជេន ដោយមិនរាប់បញ្ចូលនូវទិន្នន័យពីរោងភាពយន្តផ្សេងទៀត តែអ្នកនាងប្រកាសថាគឺជាមោទនភាព។ អ្នកនាងថាសប្បាយចិត្តដែលបានប្រឡូកការសម្ដែងពេញទំហឹង កាលពីឆ្នាំ២០១៥ និ២០១៦ ហើយក៏ទទួលបានតំណែងជាតារាសម្ដែង លេចធ្លោដែលអ្នកនាងយល់ថាគឺជាកិត្តិយសមិនអាចបំភ្លេចបាន៕

មតិយោបល់