ភ្នំពេញៈ អង្គការសង្គមស៊ីវិលចំនួន៤ចាប់ដៃគ្នាជួយអភិវឌ្ឍន៍សហគមន៍ក្រីក្រចំនួន៥ក្នុងរាជធានីភ្នំពេញ ដើម្បីកែប្រែស្ថានភាពពួកគេបានរស់នៅក្នុងសង្គមកាន់មានជីវភាពប្រសើរឡើង។
តំណាងសមាគមធាងត្នោតបានអៈអាងថា ការសម្រេចជួយដល់ប្រជាពលក្រីក្រទាំង៥ សហគមន៍ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ និងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយសារតែពួកគេកំពុងរស់នៅក្នុងស្ថានភាពលំបាកក្នុងជីវភាពប្រចាំថ្ងៃទាមទារឲ្យមានការដោះស្រាយជាបន្ទាន់។
ការប្រកាសជួយសហគមន៍ក្រីក្រទាំងនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានជំនួយជាង១លាន៣សែនដុល្លារ ពីសហគមន៍អ៊ឺរ៉ុប និងទីភ្នាក់អភិវឌ្ឍៃន៍សាធារណៈឆែក ដោយអនុវត្តគម្រោងចំនួន ៣៦ខែ ចាប់ពីខែមេសាឆ្នាំ២០១៦នេះទៅ។
ក្នុងពិធីបង្ហាញគម្រោងអភិវឌ្ឍសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញដល់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ឧសភានេះ លោកសៅ កុសល តំណាងសមាគមធាងត្នោតបានឲ្យដឹងថា គម្រោងនេះមានបេសកកម្មកាត់បន្ថយភាពក្រីក្រ ការផ្តល់ជំនួយអាជីវកម្មខ្នាតតូច ការជួយសាងសង់លំនៅដ្ឋាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ឲ្យមានរបៀបរៀបរយ។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានគាំទ្រចំពោះគម្រោងនេះ ថានឹងបានជួយកាត់ គម្លាតរវាងអ្នកមាននិងអ្នកក្រ និងតំបន់រៀបរយនិងតំបន់មិនរៀបរយ ពិសេសការកែប្រែជីវភាព បងប្អូនក្នុងសហគមន៍វិលទៅរកស្ថានភាពល្អប្រសើរ។
លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា អាជ្ញាធរបានត្រៀមទុនមួយចំនួនក្នុងកិច្ចសហការជាមួយអង្គការ ដើម្បីដោះស្រាយបញ្ហាមិនរៀបរយសម្រាប់សហគមន៍ក្រីក្រទាំងនោះ ដូចជាការជួយធ្វើប្លង់កម្មសិទ្ធ ការតបណ្តាញទឹកភ្លើង ប្រពន្ធ័ផ្លូវជាដើម។
លោកបានអំពាវនាវដល់អង្គការសង្គមស៊ីវដ៏ទៃទៀតបន្តចូលរួមជាមួយអាជ្ញាធរទៅតាមធនធានដែលមាន ដើម្បីឈានទៅអភិវឌ្ឍន៍សហគមន៍ក្រីក្រប្រមាណជាង២៥២សហគមន៍ដែលចំនួនមនុស្សជាង៣០ម៉ឺននាក់។
លោកបានបន្តថា ការដោះស្រាយបញ្ហាសហគមន៍ក្រីក្រគឺជាគម្រោង អាទិភាពរបស់សាលារាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សិទ្ធិទទួលបានការរស់នៅ បានកាន់តែល្អដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា គម្រោងជួយសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញតាមរយៈអង្គការសង្គមស៊ីវិល នេះបានធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញបានប្រកាសគៀងគរក្រុមអង្គការសង្គមស៊ីវិល និងផ្នែកឯកជនឲ្យជួយដោះស្រាយបញ្ហាសហគមក្រីក្រកាលពីឆ្នាំ២០១៣កន្លងទៅ៕
មតិយោបល់