ព័ត៌មានជាតិ

ស្ត្រីម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់!..

កំពង់ចាម: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកស្ត្រីម្នាក់ ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៥និង ២០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងមុខផ្សារភ្នំដិល តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2H-7205 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុខាងមុខផ្សារភ្នំដិល ក៏បានជ្រុលចង្កូតទៅបុកស្ត្រីម្នាក់ឈ្មោះ គឹម សុអ៊ីម អាយុ៥០ឆ្នាំ ស្នាក់នៅភូមិតាំគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលកំពុងដើរឆ្លងផ្លូវទិសដៅពីត្បូងទៅជើងយ៉ាងពេញទំហឹង បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយពីបង្កហេតុ បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ រថយន្តបង្ក ត្រូវសមត្ថកិច្ចយកមករក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់មកដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកឯសាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់