នៅពាក់កណ្តាលឆ្នាំ ២០១៧ខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ ចែករំលែកកណ្តាល ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់កាត ATM អាចធ្វើប្រតិបត្តិការជាមួយម៉ាស៊ីន ATM របស់គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកទាំងអស់ ទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពីលោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា។
អតិថិជននៃគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកណាមួយ ដែលមានកាត ATM អាចធ្វើការទូទាត់ប្រាក់ ឬដកប្រាក់ ឆ្លងពីធនាគារមួយទៅធនាគារមួយផ្សេងទៀត ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បាន។
គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ នឹងចូលរួមក្នុងប្រតិបត្តិការ ឲ្យបានមុនឆ្នាំ ២០១៨ ខណៈធនាគារមួយចំនួន ដែលត្រៀមខ្លួនរួចហើយ នឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលឆ្នាំ ២០១៧តែម្តង។
សម្រាប់ការប្រើប្រាស់សេវាឆ្លងធនាគារនេះ អាចនឹងបង់ថ្លៃសេវាតិចតួច តែវាប្រសើរជាងការមិនអាចប្រើបាន ហើយបច្ចុប្បន្ន ប្រព័ន្ធនេះកំពុងស្ថិតក្រោមការពិភាក្សារបស់ធនាគារជាតិ និងគ្រឹះស្ថានហិរញ្ញវត្ថុ។
គួរបញ្ជាក់ដែរថា ម៉ាស៊ីនឆូតកាត POS សរុបនៅក្នុងវិស័យធនាគារ មានប្រមាណជិត ១ម៉ឺនគ្រឿង ខណៈម៉ាស៊ីន ATM មានជាង ១ពាន់គ្រឿង គិតត្រឹមខែធ្នូ ឆ្នាំ ២០១៥ ហើយម៉ាស៊ីន ATM របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានប្រមាណ ៣០០គ្រឿងផងដែរ៕

មតិយោបល់