ព័ត៌មានជាតិ

ឡិចស៊ីស ប្រលះម៉ូតូសេ១២៥ បណ្តាលឲ្យបុរស២នាក់របួសធ្ងន់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តឡិចស៊ីស មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូសេ១២៥ ចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់ ចំណែកម៉ូតូត្រូវរថយន្តអូសជាប់ក្រោមជាង៣០ម៉ែត្ររងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចរង្វង់មូល សម្តេចសង្ឃ ជួន ណាត តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ដែលរងរបួសធ្ងន់ខាងលើ ទី១មានឈ្មោះ ថន ភេទប្រុស អាយុជិត៣០ឆ្នាំ មុខរបរចុងភៅនៅភោជនីដ្ឋានរាជធានី និងជនរងគ្រោះទី២ឈ្មោះ ម៉េង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរចុងភៅធ្វើការជាមួយគ្នា ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមសម្តីបុរសម្នាក់ ដែលជាមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងមិត្តបានជិះម៉ូតូហុងដាសេ១២៥ ចំនួន២គ្រឿង ដោយជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1J-8432 ឌុបគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៦ដូចគ្នា ចេញពីកន្លែងធ្វើការបំណងទៅចាក់ខ្ចៅនៅមុខណាហ្គា។ ខណ:មកដល់ក៏មិនបានចូលអង្គុយលេងដែរ ដោយបាននាំគ្នាជិះបង្ហួស បំណងទៅកន្លែងវិញ។ លុះធ្វើដំណើរមកដល់ចំណុចរង្វង់មូល សម្តេច ជួន ណាត ក៏ត្រូវរថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-3766 បើកបរដោយបុរសជនជាតិកូរ៉េម្នាក់ ធ្វើដំណើរមកពីក្រោយស្របទិសគ្នា បានជ្រុលមកបុកម៉ូតូជនរងគ្រោះពេញទំហឹង និងអូសម៉ូតូជាប់ខាងក្រោមរថយន្តជាង៣០ម៉ែត្រ ទើបឈប់ បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ រងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេត្យ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់