ព័ត៌មានជាតិ

បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បើកម៉ូតូទៅបុកកាងរថយន្តស្ទូចដែលកំពុងបត់ ស្លាប់!..

កណ្តាល: បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពីមានរថយន្តស្ទូចមួយគ្រឿង បើកបត់មិនប្រយត្ន័បូករួមទាំងងងឹតផង ធ្វើឲ្យជនរងគ្រោះមើលមិនឃើញ ក៏ជ្រុលទៅកាងរថយន្តពេញទំហឹងស្លាប់ភ្លាមៗតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៥នាទី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតនៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើ មានឈ្មោះ ម៉ៃ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តបង្ក មិនស្គាល់អត្តសញ្ញាណនោះទេ បានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធន់ធំ មួយគ្រឿង ប្រភទម៉ាកស្ទូច របស់ក្រុមហ៊ុនយីហោ ស៊ុបភើ សេនធើ ពាក់ផ្លាកលេខ ៧៣៤៤ ភព៣ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ លុះបានមកដល់ចំណុចកើតហេតុ ដែលជាកន្លែងងងឹត រថយន្តបង្កបានបើកបត់ឆ្លងផ្លូវជាតិ ពីស្ដាំដៃ មកឆ្វេងដៃ មិនប្រយត្ន័ស្របពេលនោះក៏មានម៉ូតូជនរងគ្រោះម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1D-0216 បើកបរដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ទីសដៅពីអ្នកលឿងមក ភ្នំពេញ មើលមិនឃើញនិងចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកលើផ្នែកកន្ទុយសណ្ដោង របស់រថយន្តចំ ចំហៀងខាងឆ្វេងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វារថយន្តរត់គេចខ្លួនបាត់តែម្តង។

ក្រោយពីកើតហេតុ រថយន្តបង្កររួមនឹងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់