ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ អាសូរណាស់! អាយុទើប ៣ខែសោះ!​ ម្ដាយត្រូវរថយន្តដឹកស៊ីម៉ង់ត៍ Camel បុកម៉ូតូពីក្រោយស្លាប់ យ៉ាងអាណោចអធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង២០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកស៊ីម៉ង់ត៍ Camel មួយគ្រឿង បុកម៉ូតូស្កុបពីជិះដោយបុរសម្នាក់ ឌុបប្រពន្ធនិងកូនស្រីអាយុទើបតែ៣ខែ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ហេតុការណ៍នេះកើតឡើងចំណុចមុខច្រកចូលរោងចក្រស្រាបៀរកម្ពុជា លើផ្លូវ២១៧ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 5A-2821 របស់ក្រុមហ៊ុន Camel បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះឈ្មោះ វី ឆវ័ន្ត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឌុបប្រពន្ធឈ្មោះ គឹម ពេជ្រដាលី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់(ស្លាប់) និងកូនស្រី ទើបតែអាយុ ៣ខែ ឈ្មោះ វី គីមមួយ ដោយជិះម៉ូតូម៉ាក ស្កុបពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-5411។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកពីត្បូងទៅជើង តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូពីក្រោយ បណ្តាលឲ្យ២នាក់ម្តាយនិងកូនស្រីអាយុ៣ខែ របួសធ្ងន់ ចំណែកប្តីរងរបួសស្រាល ភ្លាមៗនោះរថយន្តបង្ក មិនទាន់អស់ល្បឿន បានបើករត់គេចមកអែបខាងផ្លូវ ជ្រុលទៅបុកនឹងដើមម្ខុបមួយដើមបន្ថែមទៀត ទើបអស់ល្បឿនទៅមុខលែងរួច ។ រីឯអ្នកបើកបររថយន្តបង្ក ចុះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង បញ្ជូនជនរងគ្រោះទាំង ២នាក់ម្តាយកូន ដែលរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ និងធ្វើការវាស់វែងវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។

សូមបញ្ជាក់៖ ស្ត្រីកូនខ្ចី ដែលត្រូវរថយន្តដឹកស៊ីម៉ង់ត៍ Camel បុកម៉ូតូពីក្រោយ បានទទួលមរណ:ភាពហើយ ក្រោយបញ្ជូនទៅពេទ្យបានប្រហែលជាង ៤ម៉ោង បន្សល់ទុកកូនស្រីអាយុទើបតែ ៣ខែ ដែលរងរបួសធ្ងន់ដែរនោះ ទុកឲ្យនៅកំព្រា៕

មតិយោបល់