ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

ពោធិ៍សាត់: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្ទះរុង ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញថ្នាំញៀននៅជាប់នឹងខ្លួន។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង១៧ នាទី ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចបឹងព្រះពន្លៃ ក្នុងភូមិព្រហស្ថក្បាល ឃុំផ្ទះរុង ក្នុងខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា មុនដំបូងឡើយ សមត្ថកិច្ចប៉ុស្តិ៍ផ្ទះរុង ធ្វើការចាប់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះហៀង គា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ដកហូតបានថ្នាំញៀន១កញ្ចប់តូច ទូរសព្ទដៃ២គ្រឿង និងម៉ូតូម៉ាក CBR ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ គ្មានស្លាកលេខមួយគ្រឿង។

ក្រោយ ពីសាកសួររួចនោះ ជនសង្ស័យជាមុខសញ្ញាបានឆ្លើយសារភាព រហូតឈានទៅដល់ការចាប់ខ្លួនមុខសញ្ញាចែកចាយបានម្នាក់ទៀត នៅវេលាម៉ោង៤និង១៥នាទី ល្ងាចថ្ងៃដដែល ដោយមានការដឹកនាំសម្របសម្រួលដោយលោក ឡុង ជៀម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ ជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ ផាន់ សុភា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ពាក់ពន្ធ័នឹងករណីចែកចាយសារធាតុញៀន ប៉ុន្តែកម្លាំងសមត្ថកិច្ចធ្វើការឆែកឆេរមិនបានរកឃើញអ្វីនោះទេ មានតែទុយោប៊ឺត មួយចំនួន និងថង់សម្រាប់ច្រកថ្នាំញៀនតែប៉ុណ្ណោះ ព្រោះថ្នាំញៀនជនសង្ស័យជាមុខសញ្ញាបានលក់អស់ទៅហើយ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់