ព័ត៌មានជាតិ

កំពុងឈរចែកចាយថ្នាំញៀន ត្រូវសមត្ថកិច្ចមកក្របួចបាន

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការចុះល្បាតក្នុងមូលដ្ឋានការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដោយជនសង្ស័យកំពុងធ្វើសកម្មភាពឈរចែកចាយថ្នាំញៀន កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សេង សុភ័ក្រ អាយុ៣៣ឆ្នាំ មុខរបរជាងលាបថ្នាំផ្ទះ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោក ម៉ៅ សាវឿន មេប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយឯក តេង ស៊ីណូ អធិការដ្ឋាននគរបាលខណ្ឌមានជ័យដឹកនាំដោយលោក ម៉េង វិមានដារ៉ា អធិការរងផ្នែកអន្តរាគមន៍ សហការ និងស្រាវជ្រាវរកមុខសញ្ញាបទល្មើសក្នុងមូលដ្ឋានលុះដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យឈរបម្រុងនឹងងចែកចាយគ្រឿងញៀនទៅឲ្យបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចហៅមកសួរនាំ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនសថ្លាចំនួន១១កញ្ចប់តូចនៅក្នុងហោប៉ាវជនសង្ស័យ ទើបសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។

បច្ចប្បន្ន ជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឌានខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់