ព័ត៌មានជាតិ

អាសូរណាស់! កំពុងបណ្តើរកង់ឆ្លងផ្លូវ ក៏ត្រូវរថយន្តបុកស្លាប់ភ្លាមៗ

កណ្តាលៈ បុរសម្នាក់បណ្ដើរកង់ឆ្លងថ្នល់ ក៏ត្រូវរថយន្តបុកស្លាប់ភ្លាមៗ នៅនិងកន្លែង កើតហេតុនៅថ្ងៃអាទិត្យ ០៦ រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៧ ខែមករាឆ្នាំ២០១៨ វេលាម៉ោង ៩ និង៥នាទីយប់ តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣០ និង៣១ ចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រថយន្តបង្ក ម៉ាក TOYOTA HILUX VIGO ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ប្រភេទដឹកទំនិញធុនតូច ពាក់ស្លាកលេខ ភ្នំពេញ 2F – 9682 ។
ចំណែកជនរងគ្រោះ ឈ្មោះសៀន ធារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិកណ្តាលលើឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបានធ្វើដំណើរចេញពីភ្នំពេញ ទៅអ្នកលឿង ក្នុងទិសដៅពីលិចទៅកើត តាមផ្លូវជាតិលេខ១ លុះបើកដល់ចំណុចកើតហេតុ ក៏បាន បុកអ្នកបណ្តើរកង់ឆ្លងផ្លូវម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យស្លាប់តែម្តង ខណៈអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់។

ក្រោយពីបានទទួលព័ត៌មានភ្លាមៗ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តនិតិវិធី៕

មតិយោបល់