ព័ត៌មានជាតិ

ផ្ទុះកំប៉ុងហ្គាស ឆាបឆេះបន្ទប់ជួល២០បន្ទប់ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់

ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះបន្ទប់ផ្ទះជួលប្រជាពលរដ្ឋចំនួន២០បន្ទប់ យ៉ាងសន្ធោសន្ធៅ ដែលត្រូវបានគេអះអាងថា ផ្តើមចេញពីការផ្ទុះហ្គាស បង្កជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឭសូរសម្លេងផ្ទុះហ្គាស លាន់ដូចរន្ទះ ខណៈនោះស្រាប់តែឃើញអណ្តាតភ្លើង និងផ្សែងយ៉ាងក្មួរខ្មាញ់ បានឆាបឆេះឡើងភ្លាមៗតែម្តង បូករួមទាំងមានខ្យល់បោកបក់ផងនោះ បណ្តាលឲ្យការឆាបឆេះនេះរឹតតែខ្លាំង រាលដាលដល់បន្ទប់ជួលរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះចំនួន២០បន្ទប់ជាបន្តបន្ទាប់ក្នុងនោះឆាបឆេះអស់ទាំងស្រុងចំនួន៨បន្ទប់ ចំណែក១២បន្ទប់ទៀតរងការខូចខាត និងបណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ ក្នុងនោះមានម្នាក់ជាបុរសវ័យចំណាស់ និងជាម្ចាស់ផ្ទះកើតហេតុ រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀត ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបឋមផងដែរ។

ចំពោះករណីអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា ផ្តើមចេញពីការផ្ទុះកំប៉ុងហ្គាស ខណៈដែលម្ចាស់ផ្ទះកំពុងចម្អិនម្ហូប។

ខណៈនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ រួមនិងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយប្រើប្រាស់រថយន្តអស់ចំនួន២រថយន្ត និងកំពុងបាញ់ពន្លត់ជាបន្តបន្ទាប់ទៀតផងដែរ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់