ព័ត៌មានជាតិ

សាហាវម្ល៉េះ!.. បុរសចិត្តខ្លាំងបង្អួតស្រីស្នេហ៍ បើករថយន្តដេញបុក​យុវតីម្នាក់ រួចចុះមក​ទាត់ផ្ទៃមុខថែមទៀត

ភ្នំពេញ: វាពិតជារឿងដ៏សាហាវមែន គ្រាន់តែជិះម៉ូតូក្នុងស្ថានភាពផ្លូវចង្អៀត ហើយ​បាន​ប៉ះជើងជាមួយរថយន្តបន្តិចបន្តួចសោះ បុរសចិត្តខ្លាំងបើករថយន្តដេញបុកបណ្តាលឲ្យ​រងរបួសធ្ងន់និងស្រាល៣នាក់ មិនតែប៉ុណ្ណោះបុរសចិត្តខ្លាំងរូបនេះ បើកទ្វារថយន្តចុះមកទាត់ចំផ្ទៃមុខយុវតីរងគ្រោះបន្ថែមទៀតផង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ស្ថិត​នៅផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យ​ដឹងថា មុនពេលកើតហេតុ នៅចំណុចផ្លូវខាងលើ មានការកក់ស្ទះ ខណ:យុវតីម្នាក់ជិះម៉ូតូឌុបប្អូនប្រុសបានប៉ះជើងជាមួយទ្វាររថយន្តខាងឆ្វេង ហើយអ្នកបើកបររថយន្តរួមដំណើរជាមួយស្រីស្នេហ៍ចង់បង្អួតស្រីស្នេហ៍ថាបងខ្លាំង ក៏បើករថយន្តដេញបុកយុវតីខាងលើ បណ្តាលឲ្យ​ដួលខ្ទាត ត្រូវស្ត្រីម្នាក់ទៀតដែលកំពុងជិះម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលបាក់ជើងរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់​ ដោយប្រជាពលរដ្ឋទ្រាំនឹងទង្វើរបស់បុរស​ក្លាហានដែលជាអ្នកបើកបររថយន្តនោះលែងបាន ក៏នាំគ្នាជួយអន្តរាគមន៍ និងការពារជនរងគ្រោះមិនឲ្យ​ជនខាងលើ ធ្វើបាបបន្តទៀត។ ខណ:ដែលជននោះឃើញប្រជាពលរដ្ឋចោមរោមច្រើនពេក ក៏ហៅម៉ូតូឌុបជិះរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវស្រីស្នេហ៍ និងរថយន្តម៉ាក COROLLA ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2S-9237នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ខណ្ឌមានជ័យបានចុះមកវាស់វែងនៅកន្លែងកើតហេតុ ដោយករណីខាងលើនេះ ជាករណីគ្រោះថ្នាក់ចរាចរណ៍ផង និងករណីហិង្សាដោយចេតនាផង ទើបសមត្ថកិច្ចបញ្ជូនរថយន្តបង្ក និងម៉ូតូជនរងគ្រោះទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុង ដើម្បរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់